(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះការពិនិត្យបញ្ជីឈ្មោះនៅតាមឃុំសង្កាត់ទូទាំងប្រទេស​ មានរយៈពេល១៦ថ្ងៃផងដែរ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ការបញ្ជាក់របស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, គ.ជ.ប បានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៥៥ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងបានរៀបចំផែនការមេ ព្រមទាំងបានកំណត់នូវប្រតិទិនការងារដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ប្រតិទិននេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងបានចែកជូនអង្គប្រជុំរួចហើយ។ ដោយឡែកសាធារណជន និងភាគីពាក់ព័ន្ធនានា ក៏អាចទាញយកនូវប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬក៏អាចយកពីបណ្តាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប ផងដែរ។

ប្រធាន គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោងតាមប្រតិទិនដូចបានរៀបរាប់ខាងលើនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសមានរយៈពេល ១៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤»

បន្ថែមពីនេះ ប្រធានគ.ជ.ប បានលើកឡើងថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ គឺដើម្បីធានា ឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពតាមរយៈ៖

*ការចុះឈ្មោះបោះឆ្នោតសម្រាប់៖
- ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
- ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤(កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦)
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

* ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ចំពោះ៖
- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់តា្រមិនបានត្រឹមត្រូវ
- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬ សុំប្តូរពីការិយាល័យក្នុងភូមិតែមួយ
- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់ លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួស សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោ ត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងមក បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន៕