(ភ្នំពេញ)៖ ស្ដ្រីមេម៉ាយប្ដីស្លាប់ បន្សល់កូន៦នាក់ជាបន្ទុក ប្រកបមុខរបរជាអ្នកដើររើសអេតចាយ រស់នៅក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងទាំងរំជួលចិត្ដសូមអំណរគុណដល់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឪពុក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលតែងតែបានជួយកូនចៅប្រជាពលរដ្ឋជាបន្ដបន្ទាប់ ដោយកន្លងមក សម្ដេចតេជោ បានផ្ដល់ផ្ទះមួយខ្នង ដែលកំពុងស្នាក់នៅនេះ រួមទាំងថវិកា ស្បៀងឧភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ហើយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដផ្ដល់អំណោយជូនស្ដ្រីមេម៉ាយដ៏កំសត់រូបនេះ ជាមួយនឹងកូនដែលមានជំងឺធាត់ប្រចាំកាយតាំងពីកុមារ គឺ ជុន ឆាង ជាតារាសម្ដែងដែលប្រជាជនមួយចំនួន តាមបណ្ដាសង្គម តែងតែស្គាល់ និងហៅថា នាយឆាង។
ស្ដ្រីមេម៉ាយរូបនេះបានថ្លែងថា «ប្ដីខ្ញុំស្លាប់ចោលខ្ញុំ តាំងពីនាយឆាងនៅតូចម្លេះ ដូច្នេះកូន៦នាក់បានធ្លាក់នៅក្នុងបន្ទុក ខ្ញុំបានដើររើសអេតចាយ ចិញ្ចឹមកូន ។បច្ចុប្បន្នេះកូនៗបែកមានគ្រួសារខ្លះហើយ នៅកូនពីរនាក់ កូនមួយដើរធ្វើសំណង់ឱ្យគេ និងម្នាក់ទៀតគឺនាយឆាង មានជំងឺធាត់តាំងពីនៅតូច ហើយក៏ធ្លាប់នាំទៅព្យាបាលនៅពេទ្យដែរតែហាក់មិនជាសោះ»។
«បច្ចុប្បន្ននាយឆាង មានអាយុ ២៤ឆ្នាំហើយ ទម្ងន់ជាង២០០គីឡូ មិនអាចដើរបានច្រើនទេ ហើយខ្ញុំក៏ចាស់ហើយដែរ មួយថ្ងៃកាត់ មួយថ្ងៃកោរ ខ្សោយកម្លាំងមិនដូចមុនទេ ហើយត្រូវជាប់មើលថែគាត់ មិនអាចដើរចោល ចឹងអាលូវខ្ញុំមិនអាចដើរទៅរើសអេតចាយដូចមុន និងរកមុខរបរផ្សេងៗបានឡើយ។ ខ្ញុំមានអារម្មណ៍ថាពិបាកណាស់ ខ្វះខាតច្រើន តែនៅថ្ងៃនេះ អ្នកម្ដាយមនុស្សធម៌ បានផ្ដល់អំណោយមកដល់គ្រួសារខ្ញុំ ខ្ញុំពិតជាសប្បាយត្រេកអរក្នុងចិត្ដណាស់ សូមអរគុណអ្នកម្ដាយខ្លាំងណាស់ ដែលបានជួយកូនចៅពេលខ្វះខាតនេះ បានធ្វើឱ្យកូនៗមានអាហារហូបចុក និងថវិកាទុកសម្រាប់ការប្រើប្រាស់ផ្សេងៗ»។
ចំណែកនាង ឆាង វិញ បានឃើញម្ដាយថ្លែងដូច្នេះក៏បានសម្ដែងនូវការអារម្មណ៍អាណិតម្ដាយជាខ្លាំង ហើយក៏មានសេចក្ដីរីករាយផងដែរ ដោយថ្ងៃនេះម្ដាយ និងរូបនាយឆាងផ្ទាល់ ទទួលបានការជួយឧបត្ថម្ភជាស្បៀង សម្ភារៈផ្សេងៗ រួមទាំងថវិកាចំនួន ១០លានរៀល ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះ នាយឆាងបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ខ្ញុំសប្បាយចិត្ដ ថ្ងៃនេះបានអ្នកម្ដាយមនុស្សធម៌បានមកជួយមកដល់ពួកខ្ញុំ មានទាំងលុយ អង្ករ និងអាហារហូបចុកមួយចំនួនទៀត។ បើមានឱកាសខ្ញុំពិតជាចង់ឃើញវត្ដមានរបស់អ្នកម្ដាយមនុស្សធម៌ណាស់ ដើម្បីសម្ដែងនូវការថ្លែងអំណរគុណដល់អ្នកម្ដាយដោយផ្ទាល់»។
ដោយក្តីអាណិតអាសូរ និងមើលឃើញពីការលំបាកនេះហើយ ទើបនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនតារាសម្តែង ជុន ឆាង ហៅនាយឆាង អាយុ ២៤ឆ្នាំ មានទម្ងន់ ២១០គីឡូក្រាម ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ជាមួយម្តាយឈ្មោះ ជុន ញ៉ាញ់ អាយុ ៦៣ឆ្នាំ ស្ថិតក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកស្រីក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះនាយឆាង និងបានថ្លែងលើកទឹកចិត្ដថា «មនុស្សយើងម្នាក់ៗដែលកើតមកហើយតែងតែមិនចង់ជួបនូវបញ្ហាសុខភាពធាត់លើសទម្ងន់ខ្លាំងពេកដូចជានាយឆាងបែបនេះដែរ ខណៈដែលបងៗរបស់គាត់ទាំង៥នាក់ផ្សេងទៀត សុទ្ធតែមានសុខភាពល្អ។ ហេតុដូចនេះ សូមបន្តថែសុខភាព អនុវត្តនូវវេជ្ជបញ្ជាគ្រូពេទ្យ រួមជាមួយការលើកកម្ពស់សុខភាពផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ដូចជាការរៀនធ្វើសមាធិជាដើម»។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនាយឆាង រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០លានរៀល៕