(ភ្នំពេញ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី១៥ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ (៣១ កក្ដដា ២០០៩ - ៣១ កក្កដា ២០២៤)។
បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។
បណ្ណសារសារមន្ទីរទួលស្លែង ជាភស្ដុតាងដ៏សំខាន់បំផុត បង្ហាញពីអំពើឧក្រិដ្ឋកម្មកើតឡើង ក្នុងសម័យខ្មែរក្រហម។ សារមន្ទីរទទួលបានការសម្របសម្រួលជាច្រើនពីសហគមន៍អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្ស និងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារ តាមប្រព័ន្ធអ៊ីធឺណិត៕