(តាកែវ)៖ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងរយៈពេលជាង៣ឆ្នាំ នៃការកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ បានសម្រេចនូវលទ្ធផលការងារ និងស្នាដៃយ៉ាងច្រើន ក្នុងនោះមានទាំងការពង្រឹងសមត្ថភាពនគរបាល កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព។

លើសពីនេះ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕