(ភ្នំពេញ)៖ លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌ថា ពិធី បុណ្យបេតិកភណ្ឌ នឹងប្រារព្ធធ្វើឡើង នៅពាក់កណ្ដាលខែក្រោយ (តុលា) នេះ ដែលមានរយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៤-១៥-១៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខ ដើម្បីអបអរសាទរខួបទី១៣ឆ្នាំ របាំព្រះរាជទ្រព្យ និងខួបទី១១ឆ្នាំ នៃល្ខោនស្រមោលស្បែកធំ ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដោយអង្គការ UNESCO។
ការបញ្ជាក់របស់លោក ជុំ វុឌ្ឍី ត្រូវបានធ្វើឡើងក្នុងពិធីសំពះគ្រូ និងសន្និសីទការសែត នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ សិល្បករ-សិល្បការិនី លោកគ្រូ អ្នកគ្រូ ម្ចាស់ឧបត្ថម្ភ ជាច្រើននាក់ទៀតផងដែរ។
លោក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា «ពិធីសំពះគ្រូនេះត្រូវបានធ្វើឡើង ដើម្បីសុំខមាលទោស គ្រូតូច គ្រូធំ របស់គ្រូសិល្បៈទាំងអស់ ដែលបានពលីជីវិត និងបួងសួង សម្រាបពិធីបុណ្យបេតិកភណ្ឌ នាថ្ងៃទី១៤-១៥-១៦ ខែតុលា ខាងមុខនេះ»។ លោកបន្ថែមថា គោលបំណងនៃពិធីបុណ្យបេតិកភណ្ឌ នេះដែរ ដើម្បីអបអរសាទរខួបទី១៣ឆ្នាំ របាំព្រះរាជទ្រព្យ និងខួបទី១១ឆ្នាំ នៃល្ខោនស្រមោលស្បែកធំ ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដោយអង្គការ UNESCO។
លោក បន្ដថា ដើម្បីលើកតម្កើងការផ្សព្វផ្សាយ នូវកេរមតកវប្បធម៌ ដ៏មានតម្លៃរបស់ជាតិខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញលើឆាកជាតិ អន្ដរជាតិ និងជំរុញយុវជនខ្មែរ ស្វែងយល់ឲ្យកាន់តែច្បាស់ អំពីទម្រង់សិល្បៈនីមួយៗ តាមរយៈសិក្ខាសាលាធ្វើបទបង្ហាញ ព្រមទាំងទស្សនាការសម្ដែង ជាពិសេសដើម្បី ចូលរួមអបអរសាទរព្រះរាជ ពិធីគ្រងរាជ្យសម្បត្តិព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ ហើយថវិកាដែលបានមកពីការលក់សំបុត្រ ក្នុងពិធីនេះ បរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងជួបការខ្វះខាត។
សូមជំរាបថា កម្មវិធីនេះ ត្រូវរៀបចំឡើងដោយមាន ការសហការរវាង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សមាគមសិល្បៈមរតកហ្វ៊ូណន ក្រុមហ៊ុន 2NT សមាគមសិល្បៈគោកធ្លក សាលាសិល្បៈចំប៉ី សមាគមស៊ីក្លូ មន្ទីរពេទ្យកុមារអង្គរ និងយុវជននិស្សិតស្ម័គ្រចិត្ត១៥០នាក់ ព្រមទាំងស្ថាប័នជាច្រើនទៀត ផងដែរ៕