(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា, លោក ស៊ៃសាណា ឃុតភុនថន (Xaysana Khotphounthone) អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សរុបចំនួន ០៩ រូប មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលដៅចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមហាអយ្យការនៃប្រទេសទាំងពីរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ ពោលគឺប្រយុទ្ធប្រឆាំង និងទប់ស្កាត់គ្រប់បទល្មើសឆ្លងដែននៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ លោកអគ្គរដ្ឋអាជ្ញាឡាវ នឹងទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ លោកអគ្គរដ្ឋអាជ្ញាឡាវ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែននៅតាមបណ្តាព្រំដែនកម្ពុជា និងឡាវ និងលើកកម្ពស់នូវទំនាក់ទំនងដ៏ល្អប្រសើរក្នុងនាមអ្នកជិតខាង និងភាពជាដៃគូរយូរអង្វែងដើម្បីសន្តិសុខ សុវត្ថិភាព និងវិបុលភាពរួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕