(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាច្រើនទៀត រវាងខេត្តតាកែវ និងខេត្តកៀនយ៉ាងរបស់ប្រទេសវៀតណាម ធ្វើយ៉ាងណាឲ្យព្រំដែនរវាងប្រទេសទាំងពីរ ក្លាយទៅជាព្រំដែន ដែលមានកិច្ចសហប្រតិបត្តិការល្អ និងព្រំដែនដែលមានសន្តិភាព មានការអភិវឌ្ឍរីកចម្រើន។
លោកលើកឡើងបែបនេះ នៅរសៀលថ្ងៃ អង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋបាលខេត្តតាកែវ បំពេញទស្សនកិច្ច និងពិភាក្សាការងារ ជាមួយ លោក ង្វៀន ថាញ់ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ជាមួយគ្នានេះ ខេត្តទាំងពីរ នឹងធ្វើយ៉ាងណាឲ្យការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋនៅតាមព្រំដែន ប្រព្រឹត្តទៅបានល្អប្រសើរ ដែលវានឹងនាំឲ្យសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែនកាន់តែមានជីវភាពធូរធាឡើងជាលំដាប់។
លោកអភិបាលខេត្តតាកែវ ក៏បានលើកឡើងប្រាប់ភាគីខេត្តកៀនយ៉ាងរបស់វៀតណាម ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសការទប់ស្កាត់បទល្មើសឆ្លងដែនការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការទប់ស្កាត់ការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់៕