(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនៅជាប់ជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេល ពិសេសពេលពលរដ្ឋមានទុក្ខលំបាកខ្វះខាត និងជួបនឹងបញ្ហាប្រឈមនានា រួមទាំងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ វត្ដមានរបស់អ្នកម្ដាយតែងតែលេចមកដើម្បីជួយសង្គ្រោះ និងផ្ដល់ក្ដីសង្ឃឹម ប្រកបដោយក្ដីមេត្ដា ករុណា ពោរពេញទៅដោយភាពកក់ក្ដៅ សណ្ដោសប្រណីឱ្យពលរដ្ឋរួចផុតពីទុក្ខវេទនា ដោយជួយជាសម្រាលការលំបាកទាំងផ្លូវចិត្ដ និងជីវភាព តាមរយៈអញ្ជើញចុះមកសួរសុខទុក្ខផ្ទាល់ និងចាត់តំណាងនាំយកអំណោយ ជាថវិកា ស្បៀង សម្ភារៈ ឬសាងសង់ផ្ទះសម្បែងជាដើម ជូនដល់ប្រជាជនងាយររងគ្រោះបំផុត ដូចជាចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយកូនច្រើនជាបន្ទុក និងកុមារកំព្រារជាដើម។
ជាក់ស្ដែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ មាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ និងខ្វល់ខ្វាយរាល់ទុក្ខលំបាកប្រជារាស្ដ្រ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះផ្ដល់អំណោយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍អណ្តូង៤ និងអណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបប្រមាណ ៥០៨គ្រួសារ។
លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា ថ្ងៃនេះដោយអនុវត្ដនូវការចង្អុលបង្ហាញពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រុមការងារបានចុះមកមើលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ អណ្ដូង៤ និងអណ្ដូង ៦ ក្នុងសង្កាត់គោករកា ដើម្បីផ្ដល់អំណោយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅទីនេះ ។តំបន់នេះប្រជាពលរដ្ឋមករស់នៅកំលុងឆ្នាំ២០០៦ ដែលស្ម័គ្រចិត្ដចេញពីតំបន់ផ្សេងៗ ដូចជាតាមមាត់ទឹក តំបន់ដែលមិនរៀបរយ ឬសំបុកចាបជាដើម ហើយត្រូវប្ដូរកន្លែងមកស្នាក់អាស្រ័យនៅក្នុងសង្កាត់គោករកានេះ ។
លោកស្រីបន្ដថា ប្រជាពលរដ្ឋយើងនៅទីនេះ ភាគច្រើនមានមុខរបរជាកម្មករ កម្មការិនី អ្នកខ្លះជាអ្នកលក់ លៀសហាល ខ្ចៅស្ងោរ លក់ដូរតិចតួចនៅតាមផ្ទះ និងប្រកបមុខរបបជាអ្នករើសអេតចាយ។ នៅទីនេះមន្ដ្រីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានមកចុះមកសួរសុខទុក្ខជាលើកទី១ កន្លងមកតែងតែមានសាខា អនុសាខាកាកបាទក្រហមកម្ពុជា ចុះមកធ្វើការជាប្រចាំជាពិសេសនៅពេលមានទឹកជំនន់ ហើយកាកបាទក្រហមកម្ពុជា ក៏ធ្លាប់ចែកអំណោយជូនពលរដ្ឋយើងជាលក្ខណៈប្រមូលផ្ដុំផងដែរ កាលពីមុនសម័យកូវីដ១៩។
«ការចុះមកសួរសុខទុក្ខ និងសម្រាលការលំបាកដល់ប្រជាពលរដ្ឋយើងនៅទីនេះ គឺចំគោលដៅតែម្ដង ព្រោះនៅទីនេះ ប្រជាពលរដ្ឋយើងមានការខ្វះខាតខ្លាំង ហើយងាយរងគ្រោះបំផុត ព្រោះមានទៅដោយស្ដ្រីមេម៉ាយមានកូនច្រើនជាបន្ទុក ខ្លះក៏ពិការពីកំណើត ខ្លះទៀតដោយតែជំងឺ ធ្លាក់ខ្លួនពិការ ខ្លះមានជំងឺធាត់ និងផ្សេងទៀតជាចាស់ជរាឥតទីពឹងនឹងមានបន្ទុកសែនធ្ងន់ ចិញ្ចឹមប្ដីពិការ និងចៅពិការផង»។
ដូច្នេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ថ្ងៃនេះក្រៅពីផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋយើងទាំងអស់ កាកបាទក្រហកមកម្ពុជា ក៏បាននាំមកនូវអំណោយជាស្បៀង សម្ភារៈ និងថវិកាមួយចំនួនសម្រាលការលំបាកដល់ពួកគាត់ផងដែរ ដោយក្នុងគ្រួសារនីមួយទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០,០០០រៀល ដែលធ្វើឡើងនៅក្នុងបរិវេណវត្ដឈូកវ៉ា។ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនទៀត ដែលមិនអាចទៅទទួលអំណោយបាន លោកស្រី ម៉ែន នារីសោភ័គ ក៏បានដឹកនាំក្រុមការងារចុះមកតាមខ្នងផ្ទះផងដែរ។
លោកស្រីបន្ដថា ក្រោមការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋដែលរស់នៅទីនេះ ក៏មានបណ្ណសមធម៌ បណ្ណប.ស.ស សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ។ «ដូច្នេះនៅក្នុងស្ថានភាពនៃការរស់នៅនេះ គឺយើងបានលើកទឹកចិត្ដគាត់ឱ្យស្គាល់ពីតម្លៃនៃសន្ដិភាព ទោះយើងមានការលំបាកនៅក្នុងជីវភាព ក៏ប៉ុន្ដែយើងរស់នៅប្រកបដោយសុខសន្ដិភាព មិនដូចនឹងបណ្ដាប្រទេសមួយចំនួនត្រូវភៀសខ្លូនព្រាត់ប្រាសគ្នា សូម្បីតែកុមារក៏ត្រូវរត់គេចពីគ្រាប់ផ្ទុះ អាវុធ នៃភ្លើងសង្គ្រាមដែរ ហើយប្រទេសខ្លះទៀតជួបនឹងគ្រោះមហន្ដរាយធ្ងន់ធ្ងរផ្សេងៗ»។
ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះខាងលើនេះ លោកស្រីបានផ្ដល់សារអប់រំជុំវិញសុខភាព រួមទាំងសុខភាពផ្លូវចិត្ដផងដែរ ក្រៅពីបញ្ហាជំងឺឆ្លងនិងជំងឺមិនឆ្លងនានា ជាពិសេសជំរុញលើកទឹកចិត្ដដល់ពួកគាត់ ត្រូវជំរុញឱ្យកុមារ ឬកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការភាពអវិជ្ជា មានការងារធ្វើ មានប្រាក់ចំណូលគ្រប់គ្រាន់ផ្គត់ផ្គង់ជីវភាព កាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អណ្ដូង៤ និងអណ្ដូង ៦ ទាំងជាង៥០០គ្រួសារ បានសម្ដែងការសប្បាយរីករាយ និងត្រេកអរជាខ្លាំង ដែលទទួលបានការយកចិត្ដទុកដាក់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានថ្លែងគោរពដឹងគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌របស់មាតាមនុស្សធម៌៕