(ភ្នំពេញ)៖ អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង បានចេញលិខិតថ្លែងអំណរគុណគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៉ី ឡាយ។
ក្នុងលិខិតថ្លែងអំណរគុណ អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំ អាង បានបញ្ជាក់ទាំងស្រុងដូចខាងក្រោមនេះ៖
យើងខ្ញុំតំណាងក្រុមគ្រួសារសព មហាសទ្ធាភិរក្ខញាណ ហ៉ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជា ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទូត ជាទីគោរពស្រលាញ់របស់យើងខ្ញុំ សូមលំអោនកាយសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូន សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវ ដែលមានធុរៈមិនបានមកចូលរួមដោយផ្ទាល់ក្តី តែឆ្លៀតផ្ញើរសារសម្លេងលើកទឹកចិត្ត រំលែកទុក្ខតាមទូរសព្ទ និងបង្ហោះសាររំលែកទុក្ខតាមបណ្តាញ សង្គម និងសារព័ត៌មាន ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងផ្តល់ការយកចិត្តទុកដាក់ដ៏កក់ក្តៅមកលើក្រុមគ្រួសាររបស់យើងខ្ញុំ។
ទោះបីជាមាន កិច្ចការច្រើនរាប់មិនអស់ក្តី តែសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លៀតដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាក្ខន្ធ ដាក់កូរ៉ោនផ្កា និងជូនសាររំលែកទុក្ខ ចំពោះការបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់របស់យើងខ្ញុំ ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃបន្តរអង្គុយកំដរ និងឧបត្ថម្ភចំណីអាហារដ៏សម្បូរបែបសម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីបុណ្យតាំងពីដើមរហូតដល់ចប់។
យើងខ្ញុំពិតជារំភើប និងជឿជាក់ថា សមានចិត្តដ៏មហស្ចារ្យរបស់សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ និងអន្តរជាតិ ពិតជាធ្វើឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកឪពុកបានស្ងប់ និងបានទៅកាន់សុគតិភពជាក់ជា មិនខាន។ ទឹកចិត្តដ៏ថ្លៃថ្លា និងកាយវិការដ៏ប្រពៃនេះ ពិតជាបានផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅដល់យើងខ្ញុំក្នុងគ្រាដ៏លំបាកប្រកបដោយភាពសោកសៅ ទុក្ខព្រួយ និងការប៉ះទង្គិចយ៉ាងដំណំ។
លោកឪពុកដ៏មហិមារ បានចាកឆ្ងាយគ្មានថ្ងៃត្រលប់ក្តី តែលោកបានបន្សល់ទុកនូវកេរ្តិ៍ដំណែលមិនចេះរីងស្ងួតឲ្យកូនចៅ គឺព្រហ្មវិហារធម៌ ភាពទទួលខុសត្រូវ ភាពស្មោះត្រង់ ភាពសប្បុរស ភាពក្លាហាន ភាពមិនក្រអឺតក្រទមក្នុងគ្រាជ័យជំនះ និងភាពមិនបាក់ទឹកចិត្តក្នុងគ្រាបរាជ័យ។ ដូចនេះ យើងខ្ញុំនឹងទទួលយកកេរ្តិ៍ដំណែលនេះ មកបន្តអនុវត្តដើម្បីឲ្យក្លាយជាគ្រួសារដែលមានប្រយោជន៍ក្នុងសង្គម តាមរយៈការប្រកប អាជីវកម្មដោយការទទួលខុសត្រូវ និងការខិតខំបន្តបោះទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យ កាន់តែរីកចម្រើនក្នុងសម័យតេជោសន្តិភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ស្តង់ដារ គុណភាព ភាពរបរិស្ថាន និងគោរពច្បាប់ពន្ធដារ»។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យបវរសួស្តី ជ័យមង្គល វិបុលសុខគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនេះ យើងខ្ញុំគោរពសូមការយោគយល់អធ្យាស្រ័យ ដោយក្ដីអនុគ្រោះបំផុត ចំពោះការខ្វះចន្លោះជាយថាហេតុក្នុងប្រការណាមួយ៕