(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចរឹបអូស អចលនវត្ថុ៣កន្លែងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមសំណើរបស់មេធាវីរបស់រាជរដ្ឋាភិបាល។

ដីកាតុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ការសម្រេចនេះមានដូចខាងក្រោម៖

១៖ រឹបអូសនូវអចលនវត្ថុចំនួន០៣កន្លែង របស់កូនបំណុលឈ្មោះ ទាវ វណ្ណល ដែលមាន៖

* ១.១៖ អចលនវត្ថុដែលមានក្បាលដីលេខ ១២១០០៨០៤-០៧៩៨ មានទំហំ ២.០៩២ម (ពីរពាន់កៅសិបពីរ)ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានសម្គាល់ដោយ លិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ ២០៩ បជ.មជ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ចេញដោយរដ្ឋបាលខណ្ឌ មានជ័យ

* ១.២៖ អចលនវត្ថុដែលមានក្បាលដីលេខ ០៣០២០៣០១-២៨៣៧ មានទំហំ ៥៩៥ម២ (ប្រាំរយកៅសិបប្រាំ) ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្លឹក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម

* ១.៣៖ អចលនវត្ថុដែលមានក្បាលដីលេខ ០៣០២០៣០៣-០៩៦០ មានទំហំ ១១.១១៣ម២ (មួយម៉ឺនមួយពាន់មួយរយដប់បី) ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមជាបណ្តោះអាសន្ន រហូតដល់តុលាការសម្រេចដល់អង្គសេចក្តីចប់ជាស្ថាពរ។

២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តរឹបអូសបណ្តោះអាសន្ន កូនបំណុលត្រូវផ្ញើប្រាក់តម្កល់នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៦.០០០.០០០.០០០ (ប្រាំមួយពាន់លាន) រៀលជាប្រាក់រំដោះ។

៣៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់កូនបំណុល។

៤៖ ដីកាសម្រេចនេះមានអានុភាពអនុវត្តភ្លាម។

ដីកាសម្រេចរបស់តុលាការនេះ ក៏ទុកឱកាសឱ្យកូនបណ្តឹងដាក់ពាក្យបណ្តឹងតវ៉ា តាមមាត្រា ៥៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណីផងដែរ។

សូមបញ្ជាក់ថា លោក ទាវ វណ្ណុល ត្រូវបានរាជរដ្ឋាភិបាលដាក់ពាក្យបណ្តឹងបន្ទាប់ពីលោក បាននិយាយតាមសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិតថា រាជរដ្ឋាភិបាលបានដាក់កាម៉េរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោកក៏ចោទទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយនិងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលបានចាត់ទុកថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ ហើយនេះគឺជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃ ដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់ផងដែរ៕