(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរគឺ៖
(១)- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង(២)- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សា និងថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាប្រតិបត្តិ និងមន្ត្រីអគ្គលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ
ផ្នែកពាណិជ្ជកម្ម ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ប្រមាណ ១៧០នាក់។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់ អ.ដ.ក. ស្របទៅតាមផែនការដែលបានគ្រោងទុក ហើយនេះក៏ជាការរួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្ដែងនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. នឹងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម ដើម្បីចាត់ចែងនីតិវិធីបញ្ចប់ជាស្ថាពរនូវវិវាទ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជូនប្រជាពលរដ្ឋដោយជោគជ័យ ពោលគឺមេធាវី ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំផ្ដល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌ អ.ដ.ក. ផងដែរ។
បន្ថែមពីនេះ អ.ដ.ក. ក៏នឹងសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។ ជាទិសដៅការងារបន្ត, អ.ដ.ក. នឹងបន្តសហការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីបន្តជំរុញ និងលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងប្រទេស៕