(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវឱ្យរួមគ្នាដាំដើមឈើគ្រប់ប្រភេទតាមគ្រប់រូបភាព និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេសត្រូវចូលរួមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់។
ការអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នៅភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោក គីម រិទ្ធី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងជាមគ្គុទេសវ័យក្មេងដ៏ឆ្នើមពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល បានបន្តមរតកនយោបាយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាជាតិ ក្នុងការបន្តដឹកនាំប្រទេសជាតិ ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ សម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល វិបុលភាព និងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។
លោកអភិបាលខេត្តព្រះវិហារ ក៏បានរំលឹកអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើហៅថា «រុក្ខទីវា» នេះ ដើម្បីបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយការចូលរួមចំណែកការពារ និងការថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ដើម្បីរក្សាលំនឹងបរិស្ថាន អាកាសធាតុមានប្រក្រតីភាបជាវិជ្ជមាន ដែលជាអំណោយផលរបស់វិស័យកសិកម្ម និងការរស់នៅរបស់មនុស្សជាតិ។
លោក គីម រិទ្ធី បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុកដាក់លើការពង្រីកភាពបៃតង ដោយផ្តោតលើការពង្រឹងចលនាដាំដើមឈើតាមរយៈការបំផុសឱ្យមានការដាំដើមឈើនៅតាម មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមលំនៅដ្ឋាន ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បានផ្សព្វផ្សាយអំពីយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយបានចូលរួមបណ្តុះកូនឈើ ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បីឱ្យប្រទេសកម្ពុជាមានគម្របព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០។
លោកអភិបាលខេត្តបានថ្លែងថា៖ «ការបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់យ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការធ្លាក់ចុះគុណភាពដីផងដែរ។ ដូចនេះសូមចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវចូលរយមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់»។
ស្របពេលជាមួយនឹងការអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀតនោះ សូមមន្ត្រីរាជការ កងកម្លាំងបដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួមអបអរសាទរទាំងអស់គ្នាដោយ ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្រប់រូបភាពដែលខ្លួនមានកុំបីខានឡើយ៕