(ព្រះវិហារ)៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានចុះធ្វើសកម្មភាពស្តារប្រឡាយដើម្បីបើកមុខទឹក និងរំដោះដីចំណីផ្លូវលើទីតាំងដែលមានទឹកហូរកាត់ថ្នល់ដោយទឹកភ្លៀង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា ទីតាំងដែលតែងតែបណ្តាលឱ្យទឹកហូរកាត់ថ្នល់ ដែលក្រុមការងារកំពុងធ្វើសកម្មភាពស្តារបើកមុខទឹកហូរ និងរំដោះចំណីផ្លូវនាពេលនេះ គឺដោយសារពលរដ្ឋមួយចំនួនកន្លងមកបានចាក់ដីលុបលូ លុបប្រឡាយមុខទឹកហូរ និងយកដីចំណីផ្លូវធ្វើអាជីវកម្ម ក៏ដូចជាចាក់ដីខ្ពស់ជាងផ្លូវជាដើម។
លោកបានបញ្ជាក់បន្ថែមថា ការស្តារប្រឡាយបើកមុខទឹកកុំឱ្យហូរកាត់ថ្នល់ដោយសារទឹកភ្លៀងនាពេលនេះ គឺក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរដូវវស្សា រដូវភ្លៀង ពិសេសគឺដើម្បីថែរក្សាផ្លូវរបស់យើងកុំឱ្យឆាប់ខូចខាត និងប្រើប្រាស់បានយូរអង្វែង។
លោកក៏ថ្លែងសំណូមពរដល់ពុកម៉ែ បងប្អូន ពិសេសបងប្អូនរស់នៅតាមដងផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវរបស់យើង ដោយបញ្ឈប់ការចាក់ដីលុបលូ លុបប្រឡាយទឹក ដើម្បីកាន់កាប់ដីចំណីផ្លូវ និងសង់សំណង់រំលោភលើដីចំណីផ្លូវរដ្ឋតទៅទៀត។
ស្របពេលដែលរដូវវស្សាចូលមកដល់ ដោយអនុវត្តតាមការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកប្រធានមន្ទីរក៏បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ត្រូវចុះពិនិត្យមើលផ្លុវជាប្រចាំ ធ្វើយ៉ាងណាកុំឱ្យមានគ្រលុក និងសំបុកមាន់ លើសពីនេះទៅទៀតមន្ទីរបានត្រៀមនូវសម្ភារបច្ចេកទេស និងកម្លាំងជំនាញ ដើម្បីត្រៀមអន្តរាគមន៍ជួសជុលបានទាន់ពេលវេលា ក្នុងករណីមានគ្រោះទឹកជំនន់បណ្តាលឱ្យខូចផ្លូវ ស្ពាន ជាយថាហេតុ៕