(ហ្សាការតា)៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជម្រាបជូនប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គទូតអំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព័ន្ធទៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

តំណាងមកពីគណៈកម្មាធិការអាស៊ាន ក្នុងប្រទេសទី៣ និងអង្គការអន្តរជាតិនានា (ACTCs) មកពីកន្លែងផ្សេងៗជុំវិញពិភពលោក ក៏បានចូលរួមស្តាប់តាមរយៈអនឡាញផងដែរ។

អគ្គលេខាធិការអាស៊ាន បានចែករំលែកពីខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំជាច្រើនថ្ងៃនេះ ដែលបង្ហាញពីមជ្ឈភាពអាស៊ាន ភាពចាំបាច់នៃយន្តការដឹកនាំដោយអាស៊ាន និងការបន្តគាំទ្រពីដៃគូខាងក្រៅសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របពេលដែលអាស៊ានកំពុងតាក់តែងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្ររបស់ចក្ខុវិស័យនេះ។

កិច្ចប្រជុំនាពេលកន្លងទៅនេះ ក៏បានផ្តល់នូវមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ នៅខែតុលា ខាងមុខផងដែរ។ នៅក្នុងការជម្រាបជូនខ្លឹមសារសំខាន់ៗនេះ ក៏មានការផ្សាយបន្តផ្ទាល់តាមរយៈ Youtube Channel របស់លេខាធិការដ្ឋានអាស៊ាន សម្រាប់សាធារណជនទូទៅផងដែរ។

ក្នុងថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Akiko Yamanaka ទីប្រឹក្សាពិសេសរបស់ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំងតួនាទីរបស់ស្ត្រី នៅក្នុងការថែរក្សាសន្តិភាព ក៏ដូចជា នៅក្នុងសេដ្ឋកិច្ចឌីជីថល ព្រមទាំងគំនិតផ្តួចផ្តើមកសាងសមត្ថភាពសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម (MSMES) នៅក្នុងតំបន់ ជាដើម៕