(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញប្រកាសព័ត៌មាននៃសិក្ខាសាលាស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។
សិក្ខាសាលាស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២នេះ ធ្វើឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)។
លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានឱ្យដឹងថា បន្ទាប់ពីច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាលចំនួន៣លើករួចមកហើយ។
សិក្ខាសាលាលើកទី៤នេះមានគោលបំណងសំខាន់ៗ៤ រួមមាន៖ ១-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន សេចក្ដីណែនាំស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការងារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
២-បង្ហាញពីលទ្ធផលនៃរបាយការណ៍វាយតម្លៃរហ័សក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ និងប្រមូលមតិយោបល់ និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។
៣-បង្ហាញពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) សម្រាប់ការអនុវត្តពេញលេញលើក្របខណ្ឌការងារអត្តសញ្ញាណកម្ម និងការធ្វើបច្ចុប្បន្នភាពការងារអត្រានុកូលដ្ឋាន តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មផ្សេងៗ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ៤- ស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីសំណាក់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជននានា ដើម្បីឈានទៅរកឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត ជាពិសេសប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ដែលជាកម្មវត្ថុដ៏សំខាន់ក្នុងការកំណត់ឱ្យបាននូវ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ»៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ៖