(ក្រចេះ)៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចេញវិដេអូមួយដែលសម្តេច ញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3) ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៊ាំអាហារពេលព្រឹកនៅផ្សារកាបី (K3) ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ខ្ញុំគិតថាលបចូលស្ងាត់ៗ ព្រោះអត់មានប្រាប់អាជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថា ធ្លាប់ឃើញក្នុងទូរស័ព្ទ !

ខ្ញុំសូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន៕