(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងអង្គការដៃគូ រួមមាន អង្គការសេវា, មូលធិនិថែទាំភ្នែក (Eye Care foundation), អង្គការ Clinton Health Access Initiative (CHAI) និងមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) បានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយសម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក (NPEH) និងជាទីប្រឹក្សាក្រសួងសុខាភិបាល។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាមន្ទីរពេទ្យជាតិដ៏ធំមួយនៅកម្ពុជា ដើម្បីបម្រើគ្រប់សេវាកម្មសុខភាពបានគ្រប់ជ្រុងជ្រោយ និងគ្រប់ប្រភេទនៃជំងឺជូនប្រជាពលរដ្ឋ ដូច្នេះដោយមើលឃើញពីតម្រូវការចាំបាច់ នៅថ្ងៃនេះក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងអង្គការដៃគូ បាននាំយកនូវបរិក្ខារ និងសម្ភារៈភ្នែកជាច្រើជាមកផ្ដល់ជូនមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។
លោកសាស្ដ្រាចារ្យបន្ដថា «យើងសង្ឃឹមសម្ភារៈបរិក្ខារពេទ្យទាំងនេះ នឹងជួយផ្ដល់សេវាថែទាំ ព្យាបាលភ្នែក ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ក៏ដូចជាមកពីបណ្ដាខេត្ដផ្សេងៗទៀតទូទាំងប្រទេស ជាពិសេសនឹងអាចជួយកាត់បន្ថយភាពពិការភ្នែក ដល់ប្រជាពលរដ្ឋនៅកម្ពុជាកាន់តែមានកម្រិតទាប ដើម្បីឈានទៅសម្រេចគោលបំណង ក្នុងផែនការយុទ្ធសាស្ដ្រជាតិ ដើម្បីកាត់បន្ថយភាពពិការភ្នែក នៅឆ្នាំ២០៣០ នៅត្រឹម ០.៣៥% »។
លោកសាស្ដ្រាចារ្យបន្ដថា «នេះជាចំណុចសំខាន់ដែលយើងចាំបាច់ត្រូវពង្រីកការងារនេះបន្ថែម គ្រប់មន្ទីរពេទ្យទាំងអស់ ដែលមានលទ្ធភាពក្នុងការផ្ដល់សេវា។ លើសពីនោះយើងមានអង្គការដៃគូផ្សេងៗ ដែលបានសហការគ្នារួមគ្នា ដើម្បីជួយលើកកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីឱ្យសេវានេះកាន់តែមានប្រសិទ្ធភាព និងគុណភាព។ សំខាន់បំផុតយើងនឹងពង្រីកនូវសេវាកម្មនេះ ឱ្យទៅដល់ភូមិស្រុក ឬមណ្ឌលសុខភាពនៅទូទាំងប្រទេស ខណៈនៅតាមបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ដយើងមានស្រាប់ ។ការពង្រីកដល់ភូមិស្រុកនេះ ដើម្បីបម្រើសេវាសុខភាពភ្នែកបឋមជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាល ពិសេសងាយស្រួលបញ្ជូនអ្នកជំងឺដែលមានបញ្ហាភ្នែក មកធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្ដ»។
លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣កន្លងទៅ យើងបានពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋប្រមាណ ៣០ម៉ឺននាក់ សម្រាប់ការវះកាត់ភ្នែកឡើងបាយរង្វង់ ៤ម៉ឺននាក់ រួមទាំងការវះកាត់ផ្សេងៗប្រហែលជាក្នុងរង្វង់ ៥ម៉ឺនទៅ៦ម៉ឺននាក់ក្នុងមួយឆ្នាំ»។
ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមកម្មវិធីជាតិ សុខភាពភ្នែក លោកសាស្ដ្រាចារ្យ ងី ម៉េង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែក សូមមកទទួលសេវាពិនិត្យព្យាបាលថែទាំសុខភាពភ្នែក គ្រប់ទីតាំងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ដទាំងអស់ ដើម្បីអាចជួយកាត់បន្ថយការចំណាយ និងបញ្ហាភាពពិការភ្នែកជូនដល់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះនាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកវេជ្ជបណ្ឌិត សួន សាមិត្ដ តំណាងឱ្យមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានសម្តែងនូវគារវកិច្ច ដឹងអរគុណដល់លោកសាស្ត្រាចារ្យ ងី ម៉េង ព្រមទាំងក្រុមការងារ ដែលបានផ្តល់នូវបរិក្ខារ សម្ភារៈភ្នែកដ៏មានតម្លៃ សម្រាប់ដំណើរការដល់គ្លីនិកចក្ខុសាស្ដ្រនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជក់ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាមន្ទីរពេទ្យគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មីមួយ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយផ្ដើមចេញតែ១២ផ្នែក ដោយមិនមានផ្នែកព្យាបាលជំងឺភ្នែកឡើយ។ បន្ទាប់ពីដាក់ដំណើរការជិត១ឆ្នាំមកនេះ មន្ទីរពេទ្យសង្កេតឃើញថា មានអ្នកជំងឺដែលមានបញ្ហាសុខភាពភ្នែកជាច្រើន ក្នុងចំណោមអ្នកជំងឺមកទទួលសេវាពិគ្រោះជំងឺក្រៅ ។
ដោយសង្កេតឃើញនូវកំណើនតម្រូវការរបស់អ្នកជំងឺ ដែលមានបញ្ហាសុខភាពភ្នែក ស្របពេលមានការណែនាំពី លោកស្រី យក់ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងនោះ គណៈកម្មការមន្ទីរពេទ្យ បានកៀរគរធនធានមនុស្ស និងរៀបចំបន្ទប់ ដើម្បីបើកជាគ្លីនិកចក្ខុសាស្ដ្រ សម្រាប់ព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក។
ការបង្កើតគ្លីនិកចក្ខុសាស្ដ្រ គឺដើម្បីឆ្លើយតបទៅគោលបំណងចម្បងៗរបស់កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងរួមចំណែកគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព និងបង្កើនសេវាសុខភាពភ្នែក កាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះ និងសម្រេចបានគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តជាតិក្រសួងសុខាភិបាល និងការផ្តល់សេវាសុខភាពភ្នែកដោយស្មើភាព ប្រកបដោយគុណភាព និងសមធម៌។
សូមជម្រាបថា សម្ភារៈបរិក្ខារដែលបានផ្តល់ជូនមន្ទីរពេទ្យជាតិ តេជោសន្ដិភាពនៅថ្ងៃនេះ រួមមាន៖ Portable Microscope ចំនួន ០១គ្រឿង, Cataract ចំនួន ០២ឈុត, Manual Keratometeter ចំនួន ០១គ្រឿង, Trial lens ចំនួន ០១ឈុត, Light Box ចំនួន០១គ្រឿង, Spectacle Ready made ចំនួន ៥០០ដើម និងសម្ភារៈចាំបាច់មួយចំនួនទៀតទៀត។ បន្ទាប់ពីបញ្ចប់កម្មវិធីប្រគល់ឧបករណ៍ សម្ភារៈបរិក្ខារពេទ្យខាងលើនេះ លោកសាស្ដ្រាចារ្យ ងី ម៉េង ក៏បានចុះពិនិត្យមើលទីតាំង ដើម្បីរៀបចំធ្វើបន្ទប់វះកាត់ភ្នែក ជូនដល់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ៕