(តាកែវ-កណ្តាល)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣-៦០៥ នៅខេត្តតាកែវ និងខេត្តកណ្ដាល។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកថវិកាចំនួន ៦០,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវរទាំងពីរផងដែរ។ អមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយករដ្ឋានព្រំដែនទឹក និងឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
ថវិកាចំនួន ៦០,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវរទាំងពីរ រួមមាន៖
*ទី១៖ វរសេនាតូចនីមួយៗទទួលបានថវិកាចំនួន ១៥លានរៀល សម្រាប់ជួសជុលកែលម្អទីបញ្ជាការវរៈ។
*ទី២៖ ថវិកាចំនួន ០៤លានរៀល សម្រាប់កសាងរបងប៉ុស្តិ៍ ចំណុះវរៈលេខ៦០៥។
*ទី៣៖ កងកម្លាំងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។
*ទី៤៖ ថវិកាចំនួន ២,៨០០,០០០រៀល បន្ថែមសម្រាប់កងកម្លាំងចំនួន០៧នាក់ (ដែលមានវ័យចាស់ជរា)។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងនគបាលទាំងអស់ឲ្យចូលរួមគ្នាអនុវត្តឲ្យបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងនគរបាលរបស់យើង បន្តបង្កើនការអង្កេតស្រាវជ្រាវ និងចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនានានៅតាមព្រំដែន និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ដើម្បីជំរុញការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ៕