(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ឆ្នាំ២០១៦នេះ កម្ពុជានឹងរៀបចំពិធីបុណ្យអុំទូកឡើងវិញ ដោយមិនមានការអាក់ខាន ដូចឆ្នាំមុនឡើយ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះទោះជាយ៉ាងណាក៏មានទឹកច្រើនដែរខណៈដែលកំពស់ទន្លេមេគង្គបាននិងកំពុងមានច្រើន។ សម្តេចថា ឆ្នាំនេះទោះបីជាទឹកច្រើន ក៏មិនអាចធ្វើឱ្យកម្ពុជារងគ្រោះដូចឆ្នាំ២០០០ និង ឆ្នាំ២០១១នោះដែរ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១១មក បុណ្យអុំទូកនៅកម្ពុជា ពុំបានរៀបចំឱ្យជាប់លាប់រាល់ឆ្នាំឡើយ ពោលទើបនឹងប្រារព្ធបានម្តងនៅឆ្នាំ២០១៤ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យកម្ពុជា មិនអាចប្រារព្ធពិធីបុណុ្យអុំទូក ដ៏សប្បាយរីករាយនេះបាន ដោយសារតែគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម និងការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រជាដើម៕