(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរដ្ឋសភា នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ អាកាសយានិក២រូប គឺលោក ស៊ុន ផល្លា និង លោក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅខេត្តពោធិ៍សាត់។
រដ្ឋសភាចាត់ទុកថា មរណភាពរបស់អាកាសយានិកទាំងពីររូបរបស់យើងនាពេលនេះ ជាការបាត់បង់ធនធានដ៏សំខាន់នៃកង យោធពលខេមរភូមិន្ទ ក៏ដូចជាការបាត់បង់គ្មានអ្វីប្រៀបផ្ទឹមបាននូវ ស្វាមី ឪពុក កូន បងប្អូន ជាទីគោរពស្រឡាញ់ និងជាការបាត់បង់យុទ្ធមិត្តដ៏អង់អាចក្លាហាន។
រដ្ឋសភាកម្ពុជា សូមធ្វើការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួង ការពារជាតិ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតនិងបានបំពេញបេសកកម្មយ៉ាងស្វិតស្វាញ ក្នុងរយៈពេល១៨ថ្ងៃមកនេះ ក្នុងការរុករកអាកាសយានិកនិងឧទ្ធម្ភាគចក្រ ទាំងថ្ងៃទាំងយប់ ទោះបីអាកាសធាតុ មិនអំណោយផល មានភ្លៀងធ្លាក់ និងភូមិសាស្ត្រស្មុគស្មាញ ភ្នំព្រៃជ្រៅ ជ្រោះជ្រលងអូរ យ៉ាងណាក្តី។
រដ្ឋសភាសូមសម្តែងនូវការគោរពកោតសរសើរចំពោះកាយវិការប្រកបដោយសង្គហធម៌ និងក្តីមេត្តា ករុណារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច បាន តាមដានយ៉ាងយកចិត្តទុកដាក់ជាប់ជាប្រចាំ និងបានផ្តល់ភាពកក់ក្តៅ ជ្រោមជ្រែងជាកម្លាំងចិត្តតាំងពីថ្ងៃដំបូង ចំពោះក្រុមគ្រួសារអាកាសយានិក ក៏ដូចជាបានជួយគាំទ្រ លើកទឹកចិត្ត ទំនុកបម្រុង ដល់កងកម្លាំងចម្រុះនៅ គ្រប់រូបភាព ដើម្បីឱ្យបេសកកម្មនៃការរុករកដែលមានឧបសគ្គជាច្រើនបានដំណើរការឥតឈប់ឈរ។
ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃរដ្ឋសភាកម្ពុជា សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព អាកាសយានិក ទាំងពីររូប ដែលបានពលីអាយុជីវិតក្នុងបេសកកម្មការងារ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកទាំងពីរ ឆាប់បានទៅចាប់កំណើត និងសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕