(កំពង់ចាម)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំការដាំកូនឈើចំនួន ៣០០០ដើម ស្ថិតក្នុងឃុំសំបួរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ពិធីដាំកូនឈើនេះ មានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រដ្ឋបាលស្រុកបាធាយ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជុំវិញស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោកបណ្ឌិត លី ធុជ បានលើកឡើងថា ការជួបជុំគ្នាដាំកូនឈើនៅតាមដងផ្លូវសាធារណៈ បានបង្ហាញឱ្យឃើញអំពីទឹកចិត្តស្រលាញ់ដើមឈើ និងបរិស្ថានបៃតង ហើយការដាំកូនឈើនាថ្ងៃនេះ នឹងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមនាពេលអនាគត ទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនា និងជិះកាត់នៅក្នុងតំបន់។
ជាមួយគ្នានេះ លោក លី ធុជ បានជំរុញឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន តាមទីសាធារណៈដើម្បីផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អ។ ការដាំកូនឈើនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្របព្រៃនៅក្នុងសហគមន៍ និងចូលរួមជួយអភិរក្សព្រៃឈើ៕