(ភ្នំពេញ)៖ ពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជូនសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ជាអាកាសយានិកនៃកងទ័ពជើងអាកាស ត្រូវបានរៀបចំតាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណមូលដ្ឋានកងទ័ពជើងអាកាស ពោធិ៍ចិនតុង។

ចំណែកឯសពអាកាសយានិកទាំង២រូប ក្រុមរុករកកំពុងរៀបចំដឹកចេញពីតំបន់ធ្លាក់ឧទ្ធម្ភាគចក្រក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមជម្រាបថា ឧទ្ធម្ភាគចក្រយោធា Z9 ដែលបាត់ដានកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានរកឃើញនៅណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ អាកាសយានិកទាំងពីរនាក់ បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ។

ជនរងគ្រោះទី១៖ អ្នកបើកបរឈ្មោះ ស៊ុន ផល្លា ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ អាស័យដ្ឋាន៖ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២៖ អ្នកបើកបរ ឈ្មោះ ខេង ឆៃយុទ្ធ ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ អាស័យដ្ឋាន ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕