(បន្ទាយមានជ័យ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ដបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំ ស្តីពីការពិនិត្យ និងផ្គូផ្គង វាយតម្លៃ លើការងាររៀបចំ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក សុខ ធី ប្រធាននាយកដ្ឋាន សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច, លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ, លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត និងអ្នកពាក់ព័ន្ធ សរុបជាង៣០០នាក់។
លោក បឹង គឹមសឹង បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យផ្គូផ្គង និងវាយតម្លៃ លើការរៀបចំ លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា និតីវិធីនៃការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួន២៖ ១, សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវបានកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើង ក្នុងរយៈពេល៥ឆ្នាំម្តង ហៅថាបញ្ជីសារពើភណ្ឌឆ្នាំគោល និង២, តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ កត់ត្រានូវការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ក្នុងចន្លោះរយៈពេល៥ឆ្នាំ នៃឆ្នាំគោល។
លោក សុខ ធី បានឲ្យដឹងថា រាល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវទទួលខុសត្រូវចំពោះ ប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្ដង ឲ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទីមួយ នៃឆ្នាំបន្ទាប់។
លោកបានបញ្ជាក់ថា ក្នុងទម្រង់ទី១៖ សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្ដង ហៅថា បញ្ជីសារពើភណ្ឌឆ្នាំគោល មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោលនេះ បានចំនួន៤ដងរួចមកហើយ គឺឆ្នាំ២០០៤ ឆ្នាំ២០០៩ ឆ្នាំ២០១៤ និងឆ្នាំ២០១៩។
ទម្រង់ទី២៖ តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ កត់ត្រានូវការកើនឡើង និងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ក្នុងចន្លោះរយៈពេល៥ឆ្នាំ នៃឆ្នាំគោលដោយអនុលោមតាមគំរូជាធរមាន ហៅថាតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ។
លោកបានឲ្យដឹងទៀតថា ផ្អែកតាមអនុក្រឹត្យលេខ៦៦ មាត្រា ២១អាជ្ញាធរកាន់កាប់ត្រូវរៀបចំ និងបំពេញបែបបទ និងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់ ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដី ខេត្ត៕