(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារជូនក្រុមគ្រួសារសព ដោយចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ អាកាសយានិក២រូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ស្ថិតនៅខេត្តពោធិ៍សាត់។
តាមរយៈសារលិខិតផ្ញើទៅកាន់ លោកស្រី ឆែម កល្យាណ និងលោកស្រី ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ សម្តេចបានលើកឡើងថា «ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយោធពលខេមរភូមិន្ទ ដែលជាស្វាមីរបស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃ សុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងមកនេះ»។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយលោកស្រីទាំងពីររូប ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រធិតា និងក៏ជាការបាត់បង់នូវអាកាសយានិកដ៏អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយ ឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀង រហូតមក។
ក្នុងខណៈវេលាដ៏ក្រៀមក្រំនេះ សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀង ឃ្លាតឡើយ៕