(កំពង់ធំ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ច។

ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់ ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ បានកត់សម្គាល់ថា ករណីក្មេងទំនើងនេះ ប្រសិនបើបណ្ដែតបណ្ដោយច្បាស់ណាស់នឹងជះឥទ្ធិពលមិនល្អនៅថ្ងៃក្រោយ ហើយនឹងឈានដល់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដូចជា ឃាតកម្ម ជួញដូរគ្រឿងញៀន និងប្លន់ប្រដាប់អាវុធជាដើម។

ក្រៅពីវិធានការច្បាប់ម៉ឺងម៉ាត់ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យនគរបាលទាំងអស់ ត្រូវអនុវត្តនូវវិធានការបង្ការ អប់រំ និងធ្វើរដ្ឋបាល ដើម្បីពន្យល់ណែនាំអំពីផលប៉ះពាល់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សី ឲ្យប្រែក្លាយជាទំពាំងមួយដ៏ល្អសម្រាប់ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ ក៏ណែនាំឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងមុខសញ្ញា ហើយត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជំរុញឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ។ ជាមួយនឹងសារសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយខ្លឹមសារសំណេរនៅលើបណ្តាញ Facebok ដែលមានខ្លឹមសារដូចខាងក្រោម៖

«កន្លងទៅខ្ញុំបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។

ជាការឆ្លើយតប ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ»៕