(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Wang WenBin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោក John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង នឹងមានជំនួបជាមួយទូតចិនប្រចាំកម្ពុជា និងមានដៃគូឯកជនផ្សេងៗ ហើយនៅថ្ងៃស្អែកនេះ លោកនឹងដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូ សំដៅដល់ការទាក់ទាញនិងពង្រីកឱកាសវិនិយោគនៅកម្ពុជាផងដែរ៕