(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចុះពិនិត្យមើលកំណាត់ផ្លូវ១ខ្សែ បំបែកចេញពីផ្លូវជាតិលេខ៥៣ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដែលកំពុងរងការខូចខាត ដើម្បីត្រៀម ធ្វើការជួសជុលនាពេលខាងមុខនេះ បង្កការងាយស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស។
ការសន្យារបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសលោក និងក្រុមការងារ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាព នៃការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាពលរដ្ឋ និងចុះជួប ប្រជាកសិករនៅតាមវាលស្រែក្នុងមូលដ្ឋានដាច់ស្រយាល ស្ថិតក្នុងស្រុកទឹកផុស។
ការចុះពិនិត្យនៃការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាកសិករនៅមូលដ្ឋានដាច់ស្រយាល និងពិនិត្យស្ថានភាពផ្លូវមួយខ្សែដែលកំពុងរងការខូចខាតជាអន្លើៗដែលបានបង្កការលំបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរខាងលើនេះ, លោកអភិបាលខេត្តក៏បានសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានធ្វើដំណើរតាមកំណាត់ផ្លូវនេះ ដោយលោក និងសន្យាថានឹងធ្វើការជួសជុលកែលម្អផ្លូវនេះឱ្យបានល្អប្រសើរឡើងវិញនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕