(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ ជំរុញឲ្យរដ្ឋបាលក្រុងសួង បន្តសហការគ្រប់អ្នកពាក់ព័ន្ធ បង្ក្រាបរាល់បទល្មើសលួចឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន ជាពិសេសបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋ កាន់តែល្អ រហ័ស មានប្រសិទ្ធភាពទ្វេឡើង។
លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការ ចំណុះរដ្ឋបាលក្រុងសួង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាក្រុងសួង។
នាឱកាសនោះ លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឡើងធ្វើការបង្ហាញនូវរបាយការណ៍សង្ខេប ស្តីពីការងារអភិវឌ្ឃន៍ក្រុង និងប្រសិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលក្រុងសួង រួមសហការគ្នា ខិតខំសម្រេចបាន។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ អភិបាលខេត្ត រំលឹកជាថ្មីបន្ថែមថា បងប្អូនមន្ត្រីរាជការយើងនៅតាមភូមិ/ឃុំ ត្រូវរក្សាឱ្យបាននៅភូមិមឃុំ មានសុវត្ថិភាព ដែលសំដៅដល់ការធ្វើយ៉ាងណា លុបបំបាត់រាល់ក្មេងទំនើង ល្បែងស៊ីសង ខុសច្បាប់ និងគ្រឿងញៀន ដើម្បីឱ្យស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសំដៅដល់ការអភិវឌ្ឍន៍តាមភូមិ ឃុំ សង្កាត់ ឱ្យមានភាពល្អប្រសើរ និងសុខសន្តិភាព សុវត្ថិភាពក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ស្នើឱ្យមន្ត្រីរាជការយើងទាំងអស់ បង្កើនការយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ដឹងពីសុខទុក្ខពលរដ្ឋ និងបម្រើសេវាសាធារណៈឱ្យបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានភាពរហ័ស ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងទទួលបានភាពងាយស្រួលក្នុងការទទួលបានសេវាពីភូមិឃុំរបស់យើង។ មួយវិញទៀត ជាពិសេសត្រូវរក្សាឱ្យបាននៅសាមគ្គីភាពផ្ទៃក្នុង និងមានភាពស្រុះស្រួលគ្នាដើម្បីអនុវត្តការងារឱ្យបានលឿនរហ័ស និងមានភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា៖ ការជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីរាជការនេះ គឺធ្វើឡើងបានចំនួន៦ក្រុងស្រុកហើយ ក្រុងសួងនេះទី៦ ខណៈទី៧ចុងក្រោយ គឺស្រុកអូររាំងឪ ។ ចំពោះសកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពស្និតស្នាល និងយល់ពីសុខទុក្ខ បញ្ហាប្រឈម សំណើរសំណូមពរ បងប្អូនមន្ត្រីរាជការថ្នាក់ក្រោម ដើម្បីដាក់ផែនការអនុវត្តឱ្យបានកាន់តែល្អប្រសើរ នូវប្រសិទ្ធភាពការងារ និងរីកចម្រើនទៅមុខ៕