(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា បានសហការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីដ៏មានសារៈសំខាន់នេះ មានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-រដ្ឋទូត តំណាងស្ថានពាណិជ្ជកម្មជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ១០០០នាក់។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមទាក់ទង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគម ឧកញ៉ាកម្ពុជាតាមរយៈទូរសព្ទលេខ៖ ០១២ ៨១០ ៨១១៕