(ក្រចេះ)៖ លោក ស្ទេហ្វេន មឺស័ររឺ (Stefan Messerer) ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងចំពោះការរួមចំណែករបស់សហព័ន្ធអាល្លឺម៉ង់ នៅក្នុងយុទ្ធនាការ «ទាំងអស់គ្នា ដើម្បីបរិស្ថានកម្ពុជា» «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាមួយក្រសួងបរិស្ថាន នៅក្រុងក្រចេះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ដោយមានកិច្ចសហការជាមួយដ្ឋបាលខេត្តក្រចេះ អង្គការ GIZ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងមានការចូលរួម ពីប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រុង ព្រះសង្ឃ លោកគ្រូ អ្នគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។
ស្របនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះសហព័ន្ធអាល្លឺម៉ង់ នូវសមានចិត្តស្អាត ដែលស្របតាមសរស្តម្ភទាំង៣ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីសម្រេចបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព។
លោករដ្ឋមន្រ្តីបានបន្តថា ដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត ៨,៧លាននាក់ នៅលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ជាមួយគ្នានេះ ការសម្អាតសំរាម សំណល់ប្លាស្ទិក គឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។
លើសពីភាពស្អាតលោកបណ្ឌិត អ៊ាង សុផល្លែត បានន្ថែមថា ការដាំដើមឈើឱ្យបាច្រើន និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសំដែងការគាំត្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ភាពបៃតង និងឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ លោកបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ដើម្បីចៀសវាងកុំឱ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឱ្យមានរបៀបរៀបរយផងដែរ និងធ្វើឱ្យមូលដ្ឋាន និងសហគមន៍ស្អាត។
ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួងបរិស្ថាន សម្អាតអនាម័យ និងវិចខ្ចប់សម្រាម នៅទីតាំងរបស់ខ្លួន ដើម្បីសោភ័ណភាព និងអនាម័យបរិស្ថានស្អាតនៅពេលអនាគត៕