(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវ អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា «មនុស្សពី ៧០ទៅ៨០ភាគរយ អានតែចំណងជើងអត្ថបទព័ត៌មានតែប៉ុណ្ណោះ ពួកគេមិនបានអានខ្លឹមសារពេញលេញនៃអត្ថបទនោះទេ»។
លោកបណ្ឌិត បានលើកឡើងអំពីការសិក្សាមួយទៀតនៅសហរដ្ឋអាម៉េរិក ចុះផ្សាយដោយ Yahoo កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា មនុស្សជាង៧០ភាគរយ បានចែករំលែកអត្ថបទព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ខ្លួន ទាំងដែលពួកគេបានអានតែ២-៣បន្ទាត់ ឬមិនអានសោះតែម្តង។ ការសិក្សាដដែលនេះបានរកឃើញថា ការចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនថាពួកគេពិតជាបានអានវា ឬ អត់ទេ នាំឱ្យពួកគេជឿថា ពួកគេយល់ដឹងច្រើនអំពីប្រធានបទមួយនោះជាងចំណេះដឹងជាក់ស្តែងដែលពួកគេមានអំពីប្រធានបទនោះទៅទៀត។ មិនមានការសិក្សាណាមួយអំពីនិន្នាការនេះក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាយើងទេ។
លោកបណ្ឌិត គិន ភា បានអះអាងថា៖ «តាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំទៅលើអត្ថបទ ដែលខ្ញុំសរសេរកន្លងមក និងជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ និងត្រូវបានសារព័ត៌មានយកទៅផ្សាយបន្តដោយរំលេចចំណងជើងតាមបែបរចនាបថរបស់អ្នកកាសែត ហើយបងប្អូនមួយចំនួនបានចូលទៅបញ្ចេញយោបល់និងចែករំលែកជាមួយនឹងចំណងជើងនិងការអត្ថាធិប្បាយខ្លះៗ ខ្ញុំអាចទាញការសន្និដ្ឋានបឋមថា បងប្អូនមួយចំនួនដែលបញ្ចេញយោបល់និងចែករំលែកទាំងនោះ «ប្រហែលជា» មិនបានអានអត្ថបទរបស់ខ្ញុំរហូតដល់ចប់ទេ ឬប្រហែលបានអានតែចំណងជើងអត្ថបទដែលរចនាដោយអ្នកកាសែតតែប៉ុណ្ណោះ រួចក៏បញ្ចេញយោបល់និងអត្ថាធិប្បាយតាមមនោគតិរៀងៗខ្លួន»។
លោកបណ្ឌិត បានបន្តថា៖ «ក្នុងអត្ថបទខ្ញុំកន្លងមក ក៏ដូចជាពេលនេះ ខ្ញុំមិនដែលបានអួតអាងថា ខ្ញុំជាអ្នកចេះដឹងអីជាងបងប្អូនយើងទេ ឬប្រមាថកាតទានបងប្អូនទេ បើទោះបីជាបងប្អូនប្រើពាក្យអសុរសឬពាក្យពេចន៍ជេរបញ្ចោរយ៉ាងណាក្តី។ គោលបំណងតែមួយគត់របស់ខ្ញុំតាំងពីដើមរៀងមក ទាំងសំណេរក្នុងគណនីហ្វេសប៊ុករបស់ខ្ញុំក្តី ឬក្នុងការសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយនានាក្តី ខ្ញុំគ្រាន់តែចង់ចែករំលែកការយល់ឃើញដ៏ស្ដួចស្ដើងរបស់ខ្ញុំសម្រាប់បងប្អូនទាំងន័យចំនិងន័យបង្កប់។ បងប្អូនទទួលយកបានក៏យកទៅ ទទួលមិនបានក៏អូសរំលងចោលទៅ។ ខ្ញុំមិនដែលបានតាំងខ្លួនជាពន្លឺព្រះអាទិត្យបំភ្លឺលោកទេ ខ្ញុំសុំធ្វើត្រឹមតែពន្លឺចន្លុះដ៏តូចមួយក្នុងកូនខ្ទមតែប៉ុណ្ណោះ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ខាងលើបានបានសង្កេតឃើញថា៖ «និន្នាការសង្គមដែលយើងទាំងអស់គ្នាកំពុងប្រឈម គឺម្យ៉ាងភាពញាំញីនៃវិបត្តិសេដ្ឋកិច្ចដែលនរណាក៏រងផលប៉ះពាល់ ម្យ៉ាងស្រមោលអតីតកាលនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងនៅតែតាមលងយើងគ្រប់គ្នា និងម្យ៉ាងបញ្ហាសង្គមចាក់ស្រេះដែលយើងឃើញនឹងភ្នែកគ្រប់គ្នា។ គ្មានមួយនាទីណាដែលខ្ញុំបដិសេធបាតុភូតសេដ្ឋកិច្ច សង្គម និងនយោបាយនេះទេ។ ការណ៍នេះហើយ ដែលជំរុញឱ្យខ្ញុំសរសេរអត្ថបទខ្លីៗនេះចែករំលែក បើទោះជាត្រូវបងប្អូនដែលមិនសប្បាយ មិនត្រូវចិត្ត ឬមិនពេញចិត្ត ជេរប្រមាថបែបណាក៏ដោយ»។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បានសំណូមពរ សុំឱ្យបងប្អូនមេត្តាអត់ធ្មត់អានអត្ថបទនីមួយៗឱ្យបានចប់ចុងចប់ដើមសិន និងសូមបើកចិត្តបើកបេះដូងស្ដាប់ការបកស្រាយនិងការពន្យល់របស់រដ្ឋាភិបាលសិន សឹមបញ្ចេញយោបល់ក៏មិនទាន់យឺតពេលដែរ។ សំណូមពររបស់ខ្ញុំបែបនេះ មានបងប្អូនខ្លះបានលើកឡើងថា ឱ្យតែប្រជាពលរដ្ឋស្តាប់រដ្ឋាភិបាល ចុះរដ្ឋាភិបាលមានស្តាប់ប្រជាពលរដ្ឋវិញទេ? បងប្អូន! ប្រជាពលរដ្ឋជាឪពុកម្តាយរបស់រដ្ឋាភិបាល បើរដ្ឋាភិបាលមិនស្តាប់ប្រជាពលរដ្ឋ, ប្រជាពលរដ្ឋអាចបង្ហាញឆន្ទៈរបស់ខ្លួនចំពោះរដ្ឋាភិបាលវិញតាមរយៈសន្លឹកឆ្នោត៕