(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ហើយដែលមានយន្តការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ផងនោះ បាននិងកំពុងខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ដើម្បីឈានទៅដល់ការប្រើប្រព័ន្ធឌីជីថល ឬឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត។
ដើម្បីអនុវត្តកិច្ចការនេះប្រកបដោយអនុលោមភាពតាមច្បាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានរៀបចំសិក្ខាសាលាធំជាលើកទី៤ ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.)។
លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានឱ្យដឹងថា បន្ទាប់ពីច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាលចំនួន៣លើករួចមកហើយ។
លោកឧត្តមសេនីយ៍ឯក តុប នេត បានបន្តថា ចំពោះសិក្ខាសាលាលើកទី៤នេះមានគោលបំណងសំខាន់ៗ៤ រួមមាន៖
១. ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន សេចក្ដីណែនាំស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការងារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
២. បង្ហាញពីលទ្ធផលនៃរបាយការណ៍វាយតម្លៃរហ័សក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ និងប្រមូលមតិយោបល់ និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។
៣. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) សម្រាប់ការអនុវត្តពេញលេញលើក្របខណ្ឌការងារអត្តសញ្ញាណកម្ម និងការធ្វើបច្ចុប្បន្នភាពការងារអត្រានុកូលដ្ឋាន តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មផ្សេងៗ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
៤. ស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីសំណាក់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជននានា ដើម្បីឈានទៅរកឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត ជាពិសេសប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ដែលជាកម្មវត្ថុដ៏សំខាន់ក្នុងការកំណត់ឱ្យបាននូវ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ»។
នាឱកាសនោះ លោករដ្ឋលេខាធិការ ប៉ាវ ហមផាន បានលើកឡើងថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អ នឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះក៏អាចរួមចំណែកទប់ស្កាត់នូវអំពើជួញដូរមនុស្សនិងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារសំខាន់ធំៗចំនួនពីរ៖ ១-កំណត់អត្តសញ្ញាណតាមផ្លូវច្បាប់អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារអត្តសញ្ញាណជាតិ និង២-បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិអត្រានុកូលដ្ឋាន។
លោករដ្ឋលេខាធិការ ប៉ាវ ហមផាន បានបន្តថា រាជរដ្ឋាភិបាលម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងពង្រឹងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ភស្តុតាងជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានាបានខិតខំប្រឹងប្រែងរៀបចំ និងកែលម្អជាបន្តបន្ទាប់នូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មរហូតសម្រេចជោគជ័យក្នុងការចុះបញ្ជីអត្តសញ្ញាណប្រជាជនបានរាប់លាននាក់។
ទោះបីយ៉ាងនេះក្តី ការអនុវត្តការងារអត្តសញ្ញាណកម្មនៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការយល់ដឹង សមត្ថភាពនៅមានកម្រិតរបស់មន្ត្រីអនុវត្ត ជាពិសេសចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ការភ្ជាប់និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតនៅតំបន់ដាច់ស្រយាលមួយចំនួនជួបការលំបាក និងការខ្វះខាតនីតិវិធីអនុវត្តច្បាស់លាស់ ព្រមទាំងរចនាសម្ព័ន្ធអភិបាលកិច្ចសម្រាប់ការងារអត្តសញ្ញាណកម្ម រួមទាំងការផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចការសំខាន់ៗ អត្តសញ្ញាណកម្ម នៅមានកម្រិតផងដែរ។
លោក ប៉ាវ ហមផាន ដែលជាអនុប្រធាន គ.ជ.ដ.អ. ផងនោះបានបញ្ជាក់ទៀតថា ដើម្បីធានាដល់ការដោះស្រាយបញ្ហាទាំងនេះសម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈពេល១០ឆ្នាំ (២០១៧-២០២៦) សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មមួយ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយតបស្របតាមស្ដង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងមានអត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្តនិងអាចចែករំលែកបាន។
លោករដ្ឋលេខាធិការ ប៉ាវ ហមផាន ក៏បានអំពាវនាវដល់តំណាងអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជននានា ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ សូមពិនិត្យលទ្ធភាព និងពិចារណាលើការគាំទ្រផ្នែកណាមួយក្នុងគម្រោងនៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ដែលមានសារសំខាន់ក្នុងការគូសវាសបង្ហាញផ្លូវលើការអនុវត្តការងារអត្តសញ្ញាណកម្ម ដើម្បីឈានទៅសម្រេចឱ្យបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងអត្តសញ្ញាណប្រជាជន៕