(កំពង់ចាម)៖ លោកបណ្ឌិត លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែលបានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតបនឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និងចម្បង។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត លី ធុជ បានធ្វើឡើងនៅក្នុងឱកាសលោកបណ្ឌិតអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត លី ធុជ បានបន្តថា រយៈពេលជាង១១ខែនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ការថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ការផ្តល់ជំនួយសង្គម និងការជំរុញវិស័យសេដ្ឋកិច្ចជាដើម ដើម្បីអនាគតកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា។
តាងនាមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម, លោកបណ្ឌិត លី ធុជ បានណែនាំក្រុមការងាររាជរដ្ឋាភិបាលគ្រប់ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ។
ជាមួយគ្នានោះលោកបណ្ឌិត លី ធុជ បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលទាំង១២ឃុំ ចុះធ្វើវេទិកាសាធារណៈតាមមូលដ្ឋានរបស់ខ្លួន ចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីប្រមូលដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបន្តខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីដោះស្រាយឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង១២ ប្រកាសនាថ្ងៃនេះ មានចំនួនសរុប ៣៦៥នាក់ និងមានសមាសភាពចូលរួមពីអន្តរក្រសួង ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំទាំង១២៕