(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិ​បតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

កិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖

១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។

២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។

៣៖ ផ្សេងៗ។

ក្រោយពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤៕