(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ជូនដល់សាស្ត្រាចារ្យ និងនិស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលមានអ្នកចូលរួមចំនួន៣០០នាក់។
លោក ឈុន តូរី នាយកវិទ្យាស្ថានជាតិ បានស្វាគមន៍របាយការណ៍ទាំងវិស័យសិក្សាធិការ និងចូលរួមការបង្ការទប់ស្កាត់បញ្ហាផ្សេងៗ ក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាអាទិភាព។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការសួរសុខទុក្ខ អរគុណ កោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការចូលរួមគាំទ្រអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ លើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀននៅគ្រឹះស្ថានឧត្តមសិក្សា។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានបន្តថា ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងសាកលលោកមិនមានសញ្ញាថមថយទេ ធ្វើឲ្យកម្ពុជាបន្តរងគ្រោះពីបញ្ហាគ្រឿងញៀន ដែលគ្រប់កាលៈទេសៈឈ្មួញតែងឆ្លៀតឱកាស លបលួចចរាចរជួញដូរគ្រឿងញៀន តាមគ្រប់រូបភាពប៉ុន្តែត្រូវសមត្ថកិច្ច តែងបង្រ្កាបបានជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកក៏បានឲ្យអ្នកចូលរួមទាំងអស់ ត្រូវយកចំណេះដឹងពីវគ្គផ្សព្វផ្សាយនេះ ទៅផ្សព្វផ្សាយបន្ត និងជួយផ្សព្វផ្សាយទាញយក App Nodrug៖ https://nodrugsnacd.com/download មកប្រើប្រាស់ទទួលចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតបដោះស្រាយ។
ជាមួយគ្នានេះ ក្នុងនាមលោកបណ្ឌិត ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះដែរ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហការ ដើម្បីចូលរួមទាំងអស់ ដើម្បីធ្វើឲ្យសម្រេចបាន នូវឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន ដែលជាទុក្ខកង្វល់រួមរបស់ប្រជាពលរដ្ឋ ហើយក្រសួងកសិកម្ម នឹងបន្តចូលរួមការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនសំដៅការពារសុខភាពក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង៖ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារ និងសង្គម ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញយកកម្មវិធីទូរសព្ទដៃ App NoDrug៕