(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ នៅថ្ងៃត្រង់ទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀល ពាក់ព័ន្ធបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូប។ ការសម្រេចនេះបន្ទាប់ពីតុលាការបានសួរដេញដោលលោក នី ចរិយា អស់ពេលជាច្រើនម៉ោងរួចមក។
បច្ចុប្បន្នលោកនី ចរិយា ក៏ត្រូវបានតុលាការចោទប្រកាន់ពីសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលមានអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះផងដែរ។ គួររំលឹកថា លោក នី ចរិយា ជាប់ចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បទប្តឹងបរិហាបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនិង អត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ។
ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពេលដែលលោក នី ចរិយា បានចូលបំភ្លឺលើពាក្យបណ្តឹងរបស់មេធាវីតំណាងចៅក្រមម្នាក់ និងព្រះរាជអាជ្ញារងម្នាក់ នៅសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ។
ការចូលបំភ្លឺនេះ គឺយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥របស់លោកច័ន្ទ វិចិត្រ មេធាវី តំណាងព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ លោក គី ឬទ្ធី ដែលប្តឹងចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធ លើយុត្តាធិការ (តុលាការ) ដោយភ្ជាប់យកករណីដែលលោកនី ចរិយា ធ្វើសន្និសីទកាសែតនិង ដាក់ពាក្យ បណ្តឹងទៅ៤ស្ថាប័ន ពាក់ព័ន្ឋការចាប់ឃុំខ្លួន ពលរដ្ឋពីរនាក់ នៅស្រុកស្វាយលើ ខេត្តសៀមរាប។
ក្នុងពេលធ្វើសន្និសីទកាសែតនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ លោក នី ចរិយា បានលើកឡើងថា ព្រះរាជ អាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរ លោក គី ឬទ្ធី បានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយ យកដីពលរដ្ឋខ្មែរ ប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម និងបានចាប់ខ្លួនពលរដ្ឋពីរនាក់ នៅភូមិរំដេង ស្រុកស្វាយលើ ដាក់ពន្ធនាគារ ធ្វើឡើងខុសនីតិវិធីច្បាប់៕