(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ជាង១០០នាក់ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល និងកងកម្លាំងចុងក្រោយ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្រសួងការពារជាតិ។
ក្នុងឱកាសនោះដែរ ក៏មានការផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរបួស និងប្រកាសដាក់ឲ្យប្រើប្រាស់របាយការណ៍ គម្រោងវិភាគឧបសគ្គនៃការចូលរួមរបស់ស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព (MOWIP) ផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាឆ្នាំទី១០ រីឯកងវិស្វកម្មពហុជំនាញលេខ៤២៣ គឺជាកងទី៩ ដែលបានវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព និងបាននាំមកនូវចំណេះជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុនដល់យុទ្ធមិត្ត និងកម្លាំងប្តូរវេន ទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។
ជារួមរយៈពេល១ឆ្នាំ កម្លាំងកម្ពុជាសម្រេចបានលទ្ធផលរួមមាន៖ បានជួសជុល និងថែទាំព្រលានយន្តហោះនៅតំបន់ប្រៀរ (Bria) និងបាមបារី (Bambary) សម្រេចបានចំនួន២៤លើក បានធ្វើការពង្រីកព្រលានយន្តហោះថ្មី នៅតំបន់សាមអូចា (Sam-Oudja) ទំហំ ៥០៤,០០០ម៉ែត្រក្រឡា សម្រេចបាន ១០០% បានជួសជុលស្ពានរួចរាល់ជាស្ថាពរចំនួន ៥កន្លែង បានជួសជុលផ្លូវប្រវែង ៦,៥២០ម៉ែត្រ បានជីកប្រឡាយ និងលើកទំនប់ប្រវែង ៦,១៤៥ម៉ែត្រ បានដំឡើងរបាំងខ្សាច់ និងរាយបន្លាលួសប្រវែង ៣,១២០ម៉ែត្រ បានដំឡើងផ្ទះចល័ត សម្រេចបានចំនួន២ខ្នង ដែល១ខ្នង ចំនួន៦បន្ទប់ បានជីកអណ្តូង ត្រចំនួន ២កន្លែង បានធ្វើការកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន១៤គ្រាប់ បានធ្វើការកម្ទេចគ្រាប់ផុតសុពលភាពប្រើប្រាស់របស់កងកម្លាំង រ៉វាន់ដា ចំនួន ១,៥៨១គ្រាប់ បានទទួលសព្វាវុធគ្រប់ប្រភេទពីមន្ត្រី DDR ដើម្បីប្រមូលអាវុធ និងគ្រាប់ពីអតីតយុទ្ធជននៃក្រុមប្រដាប់អាវុធ FPRC នៅសាលាខេត្ត នៃទីក្រុងប្រៀរ ១លើក បានលើកស្ទូចផ្លាស់ប្តូរទីតាំងកុងតឺន័រចំណុះឱ្យអង្គភាព MINUSCA ចំនួន ១៤៥កុងតឺន័រ បានផលិតទឹកស្អាតសម្រាប់បរិភោគ ផ្តល់ជូនមន្រ្តី UN ស៊ីវិល និងកងកម្លាំង MINUSCA បានចំនួន ១,៧២២,៨០០លីត្រ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា ក្រៅពីការងារស្នូល កម្លាំងមួកខៀងកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដោយបានផលិតទឹកស្អាតសម្រាប់បរិភោគ ជូនមន្រ្តី UN ស៊ីវិល និងកងកម្លាំង MINUSCA បានចំនួន ១,៧២២,៨០០លីត បានចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ទទួលខុសត្រូវ ៣០០០០លីត្រ បានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ចំនួន ៣០០នាក់ បានចុះជួយពន្លត់អគ្គីភ័យនៅជំរុំជនភៀសសឹក (IDP CAMP) ចំនួន១លើក បានឈូសឆាយផ្លូវក្នុងសាលារៀន និងសាលាខេត្ត ចំនួន៥លើក បានជួសជុលទីលានបាល់ទាត់ ១កន្លែង នៅក្រុងបាមបារី (BAMBARI) បានចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនដល់ប្រជាជនបានចំនួន២លើក។
បើតាមលោក ចូសិប ស៊ូអើ (Joseph Scheuer) បានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះក្រុមគ្រួសារនៃកងវិស្វកម្មលេខ៤២៣ តាមរយៈភាពរឹងមាំ ការលះបង់សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ពួកគេប៉ុណ្ណោះ ដែលកងកម្លាំងមាតុភូមិនិវត្តន៍ ថ្ងៃនេះអាចបំពេញភារកិច្ចដែលត្រូវអនុវត្ត អាចទៅកន្លែងដែលអ្នកត្រូវទៅ និងប្រតិបត្តិតាមលក្ខខណ្ឌដែលបានចែង។
ក្នុងនាមអង្គការសហប្រជាជាតិ លោក ចូសិប ស៊ូអើ (Joseph Scheuer) សូមថ្លែងអំណរគុណ និងស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍។ ការប្រគល់ថវិការបបគោលនយោបាយ អសប។ ការអបអរសាទរកងរក្សាសន្តិភាពដែលបានធ្វើមាតុភូមិនិវត្តន៍ យើងក៏ត្រូវតែទទួលយកការពិតនៃការបំពេញបេសកកម្មរក្សាសន្តិភាពផងដែរ។ ដូចជាការរង របួស និងសូម្បីតែការពលីជីវិត គឺជាហានិភ័យពិតប្រាកដ ហើយមិនមែនគ្រប់គ្នាអាចត្រឡប់មកវិញដូចពេលដែលពួកចេញដំណើរនោះទេ។
សម្រាប់នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់កូន ចៅ ប្តី និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន រួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ។
រដ្ឋមន្ត្រីការពារជាតិ ក៏សូមថ្លែងអំណរគុណចំពោះកងកម្លាំងនៃបណ្តាប្រទេសជាមិត្តទាំងអស់ ដែលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសនានបានគាំទ្រសហការជាមួយកងកម្លាំងកម្ពុជាបំពេញបេសកកម្មមនុស្សធម៌ សម្រេចភារកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួន និងសូមអំពាវនាវដល់បណ្តាប្រទេសជាមិត្តទាំងអស់ បន្តជួយគាំទ្រឧបត្ថម្ភដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំងស្មារតី និងសម្ភារៈ, យោធាចារ្យ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ល្អៗ មកបង្ហាត់បង្រៀនជំនាញរក្សាសន្តិភាពដល់កម្ពុជាឱ្យមានសមត្ថភាព ស្របតាមភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន តាមទម្រង់និយាមរបស់អង្គការសហប្រជាជាតិ សម្រាប់បំពេញបេសកកម្មមនុស្សធម៌ ទទួលបានជោគជ័យថ្មីៗថែមទៀត៕