(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»ដែលជាគំនិតផ្តួចផ្តើម របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងអាណត្តិទី៧ ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានបំផុសចលនាដាំដើមឈើឱ្យបានកាន់តែច្រើន។
គួរបញ្ជាក់ថា ការរៀបចំពិពរណ៍ផ្សព្វផ្សាយ និង ចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង»ដែលបានរៀបចំកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី ១០ ដល់ ១៦ ខែកក្កដា ឆ្នំ២០២៤ កន្លងមកនេះ បានចែកជូនដើមឈើចម្រុះ ចំនួន ១លាន ៣សែនដើម ជូនប្រជាពលរដ្ឋ សិស្ស និសិ្សត ព្រះសង្ឃ និងអ្នកស្រលាញ់បរិស្ថាន យ៉ាងច្រើនកុះករ មកពីទូទាំងប្រទេស ដោយឥតគិតថ្លៃ។
កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ «ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ៕