(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារសម្ដែងការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ។
តាមរយៈបណ្តាញសង្គម លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានសរសេរថា៖ «នាងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់»។
លោកជំទាវបានបន្តថា៖ «ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះ នាងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២រូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីប្រតិបត្តិការរយៈពេលជិត២០ថ្ងៃ ក្រុមអ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រ និងអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា និងបន្តរកឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕