(ពោធិ៍សាត់)៖ អ្នកជំនាញបច្ចេកទេសនឹងឆែកមើលព័ត៌មានក្នុងប្រអប់ខ្មៅ (Black Box) ដើម្បីដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនៅតំបន់ភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី១៨ថ្ងៃមុននោះ ពោលគឺតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះមៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៣០ ខែកក្កដានេះ។
គួរជម្រាបថា ប្រអប់ខ្មៅ (Black Box) គឺជាឧបករណ៍អេឡិចត្រូនិកមួយដែលផ្ទុកនៅក្នុងយន្តហោះសម្រាប់កត់ត្រានូវព័ត៌មានសំខាន់ៗ ដែលអាចជួយសម្រួលដល់ការងារស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗនៃការធ្វើដំណើរតាមផ្លូវអាកាស។ ដ្បិតគេស្គាល់ថាជាប្រអប់ខ្មៅ ប៉ុន្តែតាមពិតទៅរូបរាងរបស់វាមានពណ៌ទឹកក្រូចទៅវិញទេ ដើម្បីងាយស្រួលក្នុងការស្វែងរក ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់តាមរយៈប្រអប់ខ្មៅនេះ។
ចំណែកតួយន្តហោះទាំងមូល ប្រសិនបើថ្នាក់លើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង។
សូមរំឭកថា ហេតុការណ៍ធ្លាក់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស គឺកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបានដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ៣០ ខែកក្កដានេះ គឺមានរយៈពេល១៨ថ្ងៃហើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនាវេលាម៉ោង៤៖១០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា គឺបានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង និងសពអាកាសយានិក ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ដែលពលីនៅចម្ងាយ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
ខណៈពេលនេះ កងកម្លាំងរុករកបានវិចខ្ចប់យកសពអាកាសយានិកទាំង២រូប នាំយកទៅកន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាន ដើម្បីដឹកបន្តតាមឧត្ថម្ភាគចក្រយកមកទីគណៈបញ្ជាការរុករក មុននឹងបញ្ជូនទៅភ្នំពេញ ដើម្បីពិធីបុណ្យសពតាមប្រពៃណី៕