(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលធ្លាប់ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា បញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ជាឧបសគ្គចម្បងដែលធ្វើឲ្យប្រតិបត្តិការស្វែងរករបស់ក្រុមកងទ័ព មានការអូសបន្លាយជាច្រើនថ្ងៃ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ទៀតថា ទើបតែអាកាសធាតុល្អ ភ្លៀងរាំងប្រមាណពីរថ្ងៃចុងក្រោយនេះ ទើបកម្លាំងកងទ័ព ទាំងការហោះហើរលើអាកាស ការបង្ហោះត្រូន និងកងទ័ពថ្មើរជើងមានភាពងាយស្រួល ប្រតិបត្តិការរុករក ហើយបានរកឃើញទីតាំងឧទ្ធម្ភាគចក្រធ្លាក់ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឲ្យដឹងទៀតថា ក្រោយការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ខ.ភ.ម បន្ទាប់ពីទទួលដំណឹងអំពីការបាត់ដានឧទ្ធម្ភាគចក្រនេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គឺកម្លាំងកងទ័ពបានចល័តកាន់តំបន់ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីរៀបចំប្រតិបត្តិការស្វែងរក ដោយបានកំណត់នូវតំបន់រុករក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «បងប្អូននៅទីនេះ អាចធ្វើជាសាក្សី អាចដឹងបានថា ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដាមក គឺភ្លៀងរហូតអត់មានថ្ងៃស្រាកទេ ទើបតែថ្ងៃទី២៨-២៩ ខែកក្កដានេះ រាំងពីរថ្ងៃនេះ ដែលផ្តល់ឱកាសល្អ ដល់កម្លាំងរុករករបស់យើង នេះជាបញ្ហាធាតុអាកាស។ ទី២ យើងអាចមើលឃើញហើយថា ព្រៃនេះ ខ្ញុំជឿជាក់ថាគ្មាននរណាម្នាក់មកដល់ទេ គឺព្រៃខ្ពស់ៗណាស់ ហើយក្រាស់មិនអាចដើរបានទេ កម្លាំងថ្មើរជើងត្បុលទៅហើយបង្ហោះត្រូនមើល ហើយជួរភ្នំវិញមានកម្ពស់ជាង១ពាន់ម៉ែត្រ ដែលចោតពិបាកធ្វើដំណើរណាស់ ទើបធ្វើឱ្យការរុករករបស់យើងអូសបន្លាយពេលយូរ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា កម្លាំងកងទ័ពរបស់យើងទោះបីមានឧបសគ្គលំបាកយ៉ាងក្តី ក៏ពួកគាត់ស៊ូទ្រាំណាស់ ដើម្បីអនុវត្តន៍តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ខ.ភ.ម រហូតរកឃើញឧទ្ធម្ភាគចក្រដែលធ្លាប់។
សូមជម្រាបថា ឧទ្ធម្ភាគចក្រយោធា Z9 ដែលបាត់ដានកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានរកឃើញនៅណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ អាកាសយានិកទាំងពីរនាក់ បានបាត់បង់ជីវិតផងដែរ ឧបទ្ទវហេតុនេះ។
តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរក បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រ ពីកន្លែងយន្តហោះធ្លាក់។
នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញ នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
ជនរងគ្រោះទី១៖ អ្នកបើកបរឈ្មោះ ស៊ុន ផល្លា ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ អាស័យដ្ឋាន៖ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី២៖ អ្នកបើកបរ ឈ្មោះ ខេង ឆៃយុទ្ធ ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ អាស័យដ្ឋាន ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕