(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះមៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីស្ថានភាពសពអាកាសយានិក ខេង ឆៃយុទ្ធ គឺបានពលីនៅជាប់នឹងកៅអីឧត្ថម្ភាគចក្រដែលធ្លាក់នៅភ្នំយ៉ាវយ៉ៃនោះ ហើយនៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ដោយសារអាកាសធាតុអំណោយផលល្អ កងប្រតិបត្តិការនៅលើឧត្ថម្ភាគចក្ររុករកក៏បានបើកចូលទៅភូមិសាស្ត្រភ្នំយ៉ាវយ៉ៃ ក៏បានមើលឃើញឧត្ថម្ភាគចក្រធ្លាក់ក្នុងព្រៃទីនោះ។ ទទួលបានព័ត៌មានដូច្នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលនៅប្រចាំការនៅទីគណៈបញ្ជាការរុករក ក៏បានបញ្ជាទៅកងកម្លាំងថ្មើរជើងឱ្យចូលទៅកាន់ទីតាំងធ្លាក់ឧត្ថម្ភាគចក្រនោះ ហើយបានចូលទៅដល់នៅវេលាម៉ោង ៤៖១០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក៏ឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ បានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវិភាគប្រាប់ថា «យន្តហោះបោកធ្លាក់ទៅខាងស្ដាំដែលនៅខាងអ្នកបើកបរ (Pilot) ទើបធ្វើឱ្យអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវពលី»។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា «នៅថ្ងៃនេះ កងកម្លាំងបានវិចខ្ចប់យកសពអាកាសយានិក ខេង ឆៃយុទ្ធ នាំយកទៅកន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាន ដើម្បីដឹកបន្តតាមឧត្ថម្ភាគចក្រយកមកទីគណៈបញ្ជាការរុករក មុននឹងបញ្ជូនទៅភ្នំពេញ ដើម្បីពិធីបុណ្យសពតាមប្រពៃណី»។
លោកថា ពីកន្លែងធ្លាក់យន្តហោះមកកាន់កន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាននោះ គឺមានចម្ងាយឆ្ងាយដែរ ហើយក៏ត្រូវចាំអាកាសធាតុអំណោយផល មេឃស្រឡះ កុំមានខ្យល់ខ្លាំងដែរ មិនអាចទៅយកទាំងខ្យល់ទាំងភ្លៀង ឬក៏ពពកឡើងអ័ព្យនោះទេចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់ តាមរយៈប្រអប់ខ្មៅនេះ។ ចំណែកតួយន្តហោះទាំងមូល នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន ប្រសិនបើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
បន្ទាប់ពីរកឃើញសពអាកាសយានិក ខេង ឆៃយុទ្ធ កងកម្លាំងប្រតិបត្តិការរុករកក៏បានបន្តការរុករកទៀត គឺត្រូវតែរកឱ្យឃើញ ទោះបីអាកាសធាតុ ភូមិសាស្ត្រលំបាកយ៉ាងណាក៏ដោយ។
គួរឱ្យសោកស្ដាយណាស់ តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរក នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា បន្ទាប់ពីកើតហេតុភ្លាម ប្រហែលអាកាសយានិក ស៊ុន ផល្លា មិនទាន់ស្លាប់នោះទេ ព្រោះឃើញមានអាវបាំងជ្រកភ្លៀងនៅកន្លែងបែកបាក់យន្តហោះនោះ ប៉ុន្តែក្នុងពេល១៨ថ្ងៃមកនេះ គឺប្រហែលជាគាត់មិនអាចទ្រាំបាន ទាំងគ្មានអាហារ ភ្លៀងធ្លាក់ជាប់ អាកាសធាតុក៏ត្រជាក់។ តែយ៉ាងណាគេមិនទាន់ដឹងថា គាត់ស្លាប់ដោយអត់អាហារ ឬដោយរងរបួសនោះទេ គឺមិនទាន់ដឹងច្បាស់នោះទេ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងនាយឧត្តមសេនីយ៍ គន់ គីម និងកងប្រតិបត្តិការទាំងឡាយគឺពិតជាមានការសោកស្ដាយណាស់ចុះពោះការពលីរបស់អាកាសយានិកទាំង២រូបនេះ។
សូមជម្រាបថា សពអាកាសយានិកទាំង២៖ គ្រួសាររបស់អ្នកបើកបរឈ្មោះ ស៊ុន ផល្លា, ប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ, កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ, កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ * អាសយដ្ឋាន ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គ្រួសាររបស់អ្នកបើកបរ ខេង ឆៃយុទ្ធ, ប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ, កូនស្រី ខេង ឌឹមរកត អាយុ៥ឆ្នាំ, កូនប្រុស ខេង ឌីវិភព អាយុ៣ឆ្នាំ * អាសយដ្ឋាន ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕