(ព្រះសីហនុ)៖ ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះមេគណខេត្តព្រះសីហនុ បានដឹកនាំព្រះមន្ត្រីសង្ឃ នាំយកថវិកា និងទេយ្យទានមួយចំនួនធំ ដែលបានមកពីចៅអធិការវត្ត និងប្រធានអាស្រមទូទាំងស្រុកព្រៃនប់ ប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ទុកជួយប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនចាស់ជរា ជនពិការ និងជនគ្មានទីពឹង។
ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការដឹកនាំទទួលដោយផ្ទាល់ពីលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់។
ព្រះឧត្តមវិជ្ជា គង់ ប្រុស បានមានសង្ឃដីកាថា ការប្រគល់អំណោយនាពេលនេះដើម្បីរួមចំណែកតិចតួច ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាព ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការជំនួយ ជាពិសេសទុកសម្រាប់អនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ចុះជួយដល់ជនចាស់ជរា ជនពីការគ្មានទីពឹង ដែលត្រូវការការជួយឧបត្ថម្ភបន្ថែមផងដែរ។
នាឱកាសនោះលោក អ៉ី ធារិន បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ព្រះឧត្តមវិជ្ជា គង់ ប្រុស និងព្រះសង្ឃតាមវត្តអារាមនានា ដែលតែងតែបានឧបត្ថម្ភអំណោយជាសម្ភារ: និងថវិកា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ និងបានចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ និងបានបញ្ជាក់ថានឹងនាំយកអំណោយទាំងនេះចុះប្រគល់ដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដផងដែរ។
សូមបញ្ជាក់ថា គ្រឿឧបភោគបរិភោគ ដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ រួមមានដូចជា៖ អង្ករ ១តោន, មី ៤០កេស, ទឹកត្រី ៣៥យួរ, ទឹកស៉ីអ៉ីវ ៣៥យួរ, ត្រីខ ២០យួរ, អំបិល ១បាវ, ប្រេងឆា ២០លីត្រ, សៀង ១០គីឡូក្រាម, ប៊ីចេង ២គីឡូក្រាម, ស្កសរ ៣៥គីឡូក្រាម, ទឹកសុទ្ធ ១៥កេស, ទឹកដោះគោ ២៤កំប៉ុង, ទឹកផ្លែឈើ ១៤កេស, តែ ៣៤កញ្ចប់តូច និង ៣កញ្ចប់ធំ និងបច្ច័យចំនួន ៤,២០០,០០០រៀល៕