(ភ្នំពេញ)៖ លោក ណុប ណារិន អនុប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា សកម្មភាពរបស់មន្រ្តីវៀតណាម នាពេលនេះ គឺជាការដើរ បោះបង្គោលវាស់កំពស់ដី ធៀបទៅនឹងនីវោទឹកសមុទ្រតែប៉ុណ្ណោះ។
លោក ណុប ណារិន បានបញ្ជាក់ថា «ការដើរបោះបង្គោលវាស់កំពស់ដី ធៀបទៅនឹងនីវោទឹកសមុទ្រ គឺដើម្បីជួលជុលបង្គោលមួយចំនួន ដែលខូចខាត ពីសម័យសង្រ្គាម ហើយសកម្មភាព គឺធ្វើឡើងតាមគម្រោងជំនួយឥតសំណង របស់ប្រទេសវៀតណាម ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ដែលមានថវិកាជិត ១០លានដុល្លារសហរដ្ឋអាមរិក» ។
លោក ណុប ណារិន បានបញ្ជាក់បែបនេះ ក្រោយពីមាន សេចក្តីរាយការណ៍ និងព័ត៌មានមួយចំនួន ដែលបានយកទៅផ្សាយថា មានមន្រ្តីរបស់ប្រទេសវៀតណាម បាននិងកំពុងដើរ បោះបង្គោលលើដី ក្នុងគោលបំណងមិនល្អ តែតាមការពិត គឺក្រុមការងារចំរុះ កម្ពុជា-វៀតណាម កំពុងវាស់កំពស់ដីទៅ និងនីវោទឹកសមុទ្រ ពាក់ព័ន្ធបញ្ហាបច្ចេកទេស។
លោក ណុប ណារិន បានបញ្ជាក់ឲ្យដឹងថា «សកម្មភាពរបស់មន្រ្តីវៀតណាមនេះ គឺជាការអនុវត្តលើ គម្រោងជំនួយឥតសំណង របស់ប្រទេសវៀតណាម ក្នុងការបោះបង្គោលវាស់កំពស់ដី ធៀបទៅនឹង នីវោទឹកសមុទ្រ។ បង្គោលទាំងអស់នោះ មិនមែនធ្វើនៅតែខេត្តកំពង់ចាមនោះទេ គឺទូទាំងប្រទេសកម្ពុជា ហើយភាគីវៀតណាម ជាអ្នកជួយគ្រប់យ៉ាងទាំងការផ្តល់អ្នកបច្ចេកទេស និងចំណាយថវិកាផ្សេងៗ សរុបគម្រោងជំនួយឥតសំណង របស់វៀតណាម ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ មានទឹកប្រាក់ជិត១០លានដុល្លារសហរដ្ឋអាមេរិក»។
អនុប្រធាននាយកដ្ឋានភូមិសាស្រ្តរូបនេះបានបន្ថែមថា « មូលហេតុដែលនាំឲ្យមានព័ត៌មានបំផុសថា មានការបោះបង្គោលព្រំដែនរបស់ភាគីវៀតណាម គឺជាផ្សាយមិនពិតនោះទេ តែក៏ជាសិទ្ធិសេរីភាពរបស់អ្នកផ្សាយ ម្យ៉ាងរឿងព្រំដែនកម្ពុជា-វៀតណាម គឺជារឿងរស៊ើបសម្រាប់ប្រជាជនខ្មែរ ដូចនេះ ជៀសមិនផុតឡើយពីការផ្សព្វផ្សាយព័ត៌មានបែបនេះ»។
នៅព្រឹកមិញថា ក្រោយពីមានព័ត៌មានថា មានបោះបង្គោលព្រំដែនពីភាកីវៀតណាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានចេញមកច្រានចោល និងបដិសេធភ្លាមៗ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ចំពោះសេចក្តីរាយការណ៍ និងព័ត៌មានមួយចំនួន ដែលបានយកទៅផ្សាយថា មានមន្រ្តីរបស់ប្រទេសវៀតណាម បាននិងកំពុងដើរបោះបង្គោលលើដី ក្នុងគោលបំណងមិនល្អ តែតាមការពិត គឺក្រុមការងារចំរុះ កម្ពុជា-វៀតណាម កំពុងវាស់កំពស់ដីទៅ និងនីវោទឹកសមុទ្រ ពាក់ព័ន្ធបញ្ហាបច្ចេកទេស។
លោកបន្តថា បើតាមការស្រាវជ្រាវខេត្តកំពង់ចាម គឺមានការបោះបង្គោល២កន្លែងទី១-វត្តអំពិលធំ ឃុំខ្វឹតធំ ស្រុកព្រៃឈរ និងទី២-វត្តខែលជ័យ ភូមិត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ហើយការងារគឺក្រុមហ៊ុនចំរុះ កម្ពុជា-វៀតណាម បាននិងកំពុង ធ្វើតាមបណ្តាខេត្ត១ចំនួនផ្សេងទៀតផងដែរ។
លោកស្នងការបានបញ្ជាក់ថា «ការងារនេះ គឺមូលហេតុដើម្បី វាស់កំពស់ដីទៅ និងនីវោទឹកសមុទ្រ សម្រាប់ការពាក់ព័ន្ធបច្ចេកទេសផ្សេងទៀតផងដែរ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ័ស្តច្រឡំតទៀត»៕