(ក្រចេះ)៖ លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វ និង លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ និង ជានាយកចាត់ការកម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លី បានអញ្ជើញប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១,៧០៩បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិគឺឫស្សីកែវ និង ភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងឱកាសនោះ លោក អ៊ូ សុបុណ្ណកា បានឱ្យដឹងថា ខេត្តក្រចេះ ជាខេត្តមួយក្នុងចំណោមខេត្ត-រាជធានី ទាំង២៥ ដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលត្រូវបានគាំទ្រជំនួយបច្ចេកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសគឺការយកចិត្តទុកដាក់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និង អភិបាលខេត្តក្រចេះ ដើម្បីធ្វើការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ។
បើតាមលោកប្រធានមន្ទីរ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថភាពនៃការកាន់កាប់ដីធ្លី ( ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និង គ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ។
លោក សូម សារិត បានថ្លែង អំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោតសរសើរនូវការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងគ្រប់ជំហាននៃការចុះបញ្ជីដីធ្លីរហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ។
លោកអភិបាលស្រុកបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានជម្រុញនិងកំណត់គោលដៅជាយុទ្ធសាស្រ្ត ក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៦ ៕