(កំពង់ធំ)៖ រយៈពេល២ថ្ងៃមកនេះ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត បានដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍រំដោះជំនន់ទឹកភ្លៀងចេញពីស្រែស្រូវជិត១ពាន់ហិកតារបស់ប្រជាកសិករ នៅតំបន់ខាងលើនិងខាងក្រោមប្រព័ន្ធអាងទឹករបស់សម្ដេចតេជោ ហ៊ុន សែន ទន្លេជុំ ក្នុងភូមិសាស្ត្រឃុំទ្រៀល នៃស្រុកតាំងគោក និងផ្នែកខ្លះនៃឃុំបារាយណ៍ ស្រុកបារាយណ៍។
លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ ជំនន់ទឹកភ្លៀងបានជន់លិចផ្ទៃដីស្រូវមួយចំនួនរបស់ប្រជាកសិករ ប៉ុន្តែមិនមែនលិចស្រូវលង់បាត់ក្នុងទឹកនោះទេ គឺគ្រាន់តែលិចត្រឹមកាផើមនៃដើមស្រូវ បានន័យថា ស្រូវកំពុងផើមក្នុងដើម ហើយជំនន់ទឹកភ្លៀងបានជន់លិចត្រឹមចំណុចកាផើមនោះ ដូច្នេះទាមទារឱ្យកសិករត្រូវបង្ហូរទឹកចេញជាបន្ទាន់។
ក្រោយពីដឹងនូវព័ត៌មាននេះ និងក្រោយទទួលបានការអនុវត្តណែនាំពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតាំងគោកផងនោះ លោក ហាក់ ម៉ុងហួត បានដឹកនាំសហការី រួមជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់ទីតាំងស្រែស្រូវដែលរងការលិចដូចបញ្ជាក់ខាងលើ ដើម្បីពិនិត្យមើលដោយផ្ទាល់និងក្ដាប់ពីបញ្ហាជាក់ស្ដែង ហើយរិះរកមធ្យោបាយដោះស្រាយឱ្យចំបញ្ហា ឱ្យបានទាន់ពេលវេលា។
លោកអភិបាលស្រុកតាំងគោក ក៏ដូចជាប្រជាពលរដ្ឋបានបញ្ជាក់ថា ចំពោះបញ្ហាទឹកលិចកាផើមស្រូវនេះ គឺមិនអាចបណ្ដោយទុកយូរបានឡើយ ព្រោះបើកាលណាទឹកលិចយូរ នៅពេលស្រូវបែកចេញផ្លែ ច្បាស់ណាស់ភាគច្រើនគឺចេញតែស្រកីទទេប៉ុណ្ណោះ ពោលផ្លែស្រូវមិនអាចដាក់គ្រាប់បានឡើយ ដូច្នេះនឹងធ្វើឱ្យស្រូវថមថយទិន្នផលជាក់ពុំខាន។
ជាលទ្ធផល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ទោះបីការអន្តរាគមន៍មិនបានជួយបានទាន់ពេលវេលាទាំងស្រុង១០០ភាគរយ ឬល្អឥតខ្ចោះក៏ដោយ ប៉ុន្តែមកដល់ពេលនេះអាចនិយាយបានថា ប្រជាកសិករលែងព្រួយបារម្ភចំពោះបញ្ហាទៀតហើយ។
ប្រជាកសិករដែលមានស្រែស្រូវនៅតំបន់រងគ្រោះទាំងនោះ ពិតបានបង្ហាញការត្រេកអរដែលបានឃើញលោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចុះទៅជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ រហូតដល់អាចរំដោះជំនន់ទឹកភ្លៀងចេញពីស្រែស្រូវរបស់ពួកគាត់ ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនា និងក្រុមការងារផងដែរ។
លោកអភិបាលស្រុកដែលសកម្មនឹងកិច្ចការមូលដ្ឋានរូបនេះបានបន្តថា កិច្ចការទាំងនេះគឺជាស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺទទួលបានការណែនាំនិងយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត នួន ផារ័ត្ន ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ថោង ខុន ផងដែរ ដែលតែងតែផ្ដល់អនុសាសន៍ឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ តាមដានពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕