(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមកិច្ចសហការជាមួយអង្គភាពសេនាតេជោ បានរៀបចំបិធីបិទវគ្គវគ្គបណ្តុះបណ្តាល ស្តីពី «នយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ជូនដល់សមាជិក សមាជិកា យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែក្រសួង-ស្ថាប័ន។
ពិធីបានបើកក្រោមអធិបតីភាពលោក ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ព្រមទាំងអនុប្រធាន-សមាជិកផ្នែក។
វគ្គអប់រំនេះ ត្រូវទទួលបានកិត្តិយសពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេស ដោយផ្ទាល់ជូនដល់លោក លោកស្រី ជាសិក្ខាកាម សរុបចំនួន១៥៧នាក់ (ស្រី២៦នាក់)។
លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ តំណាងរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើរបាយការណ៍បិទវគ្គបណ្តុះបណ្តាលជូនអង្គពិធីទាំងមូល ដោយលើកឡើងថា វគ្គអប់រំស្តីពីនយាបាយឈ្នះ ឈ្នះ ប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និងប្រកបដោយការទទួលខុសត្រូវ។
សិក្ខាកាមបានអនុវត្តកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ បានគោរពវិន័យខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គនិងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។ តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍ នៃវគ្គអប់រំដែលខ្លួនបានទទួល។ វគ្គអប់រំក្នុងរយៈពេល១ថ្ងៃកន្លះ រួមមានកម្មវិធីសំខាន់ចំនួនពីរ៖
*ទី១៖ ការធ្វើបទឧទ្ទេសនាមស្តីពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលរៀបចំនៅវិមាន៧មករា
*ទី២៖ ទស្សនកិច្ចសិក្សា ស្តាប់បទឧទ្ទេសនាម និងការពិភាក្សា នៅវិមានឈ្នះឈ្នះ សួនតេជាសន្តិភាព និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដែលត្រូវបានធ្វើបទឧទ្ទេសនាមដោយវាគ្មិនជំនាញ ពីក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ និងអង្គភាពសេនាតេជោនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស។
នៅក្នុងពិធីបិទលោក ថេង ច័ន្ទសង្វារ បានថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាល និងផ្តល់មតិសំណេះសំណាលជារួមថា លោកពិតជាមានមោទនភាព និងសូមចូលរួម អបអរសាទរយ៉ាងកក់ក្តៅចំពោះលទ្ធផលដ៏ល្អរបស់ វគ្គបណ្តុះបណ្តាល ជាពិសេសសិក្ខាកាមគ្រប់រូប បានយល់ដឹងកាន់តែស៊ីជម្រៅអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាពដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងបទពិសោធន៍មិនអាចកាត់ថ្លៃបានរបស់ប្រតិបត្តិករ ដែលបាននាំមកនូវមហាជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ គឺ សន្តិភាព និង ការឯកភាពជាតិ ពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ នៅលើទឹកដីអង្គរនៃយើង។
នេះជាសមិទ្ធផលថ្មីមួយទៀតនៃការងារបណ្តុះបណ្តាលរបស់ផ្នែកក្រសួង-ស្ថាប័ន។ កត្តាដែលធ្វើឱ្យវគ្គបណ្តុះបណ្តាល ទទួលបានលទ្ធផលដូចនេះ គឺដោយសារ៖
*ទី១៖ មានការដឹកនាំដ៏ត្រឹមត្រូវរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន ដែលសម្តេចតែងតែផ្តល់អាទិភាពខ្ពស់លើការអប់រំបណ្តុះបណ្តាលធនធានមនុស្សរបសគណបក្ស
*ទី២៖ ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេសនាម ជាពិសេសនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដោយផ្ទាល់ ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គ
*ទី៣៖ ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ និងរឹតចំណងសាមគ្គីភាពរវាងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស
*ទី៤៖ ការខិតខំរបស់ផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ គណៈអធិបតី បានលើកទឹកចិត្តឱ្យផ្នែកក្រសួងស្ថាប័ន បន្តរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សមាជិកយុវជនគណបក្សតាមក្រសួង ស្ថាប័នជាបន្តទៀត។
វគ្គបណ្តុះបណ្តាលដែលត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕