(ភ្នំពេញ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម និងសាខាខេត្ដមណ្ឌលគិរី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់វិស័យមនុស្សធម៌នៅកម្ពុជា ឱ្យកាន់តែមានទូលំទូលាយបន្ថែមទៀតសម្រាប់ខេត្ដទាំងពីរ។
ការប្រារព្ធពិធីខាងលើនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អនុប្រធានកិត្តិយសសាខា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា, លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសាខា ខេត្តមណ្ឌលគិរី , លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃនេះគឺបានរៀបចុះអនុស្សារណៈយោគយល់គ្នា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងខេត្ដមណ្ឌលគិរី។
លោកស្រី ពុំ ចន្ទីនី បានមានប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមកនេះ រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការលើកកម្ពស់បរិស្ថានបៃតង និងការប្រែប្រួលអាកាសធាតុ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយនានា។
លោកស្រីបានបន្ថែមទៀតថា អនុស្សរណៈយោគយល់នេះធ្វើឡើង ដើម្បីសម្រេចទៅតាមយុទ្ធសាស្ត្រ២០៣០ សមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ក្នុងការងារដឹកនាំ ការងារគ្រប់គ្រង ការងារបច្ចេកទេស ទាំងថ្នាក់កណ្តាលនិងសាខា ហើយនេះគឺជាការចែករំលែកក្នុងសមាគមជាតិយើង រវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានប្តេជ្ញារួមគ្នាបន្តសហការឱ្យកាន់តែល្អប្រសើរឡើងរវាងសាខាខេត្តទាំងពីរ ទាំងធនធាននិងបច្ចេកទេស។ ទន្ទឹមនឹងនេះ ភាគីទាំងពីរពិតជាសប្បាយចិត្ត ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយចំពោះសាខាខេត្តទាំងពីរជាខេត្តដែលមានសក្តានុពល ក្នុងការពិភាក្សាគ្នា គិតពីអ្វីដែលត្រូវធ្វើនៅពេលខាងមុខ ដើម្បីបំពេញការងារក្នុងកិច្ចសហប្រតិបត្តិការ ដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កា។
សូមជម្រាបថា អនុស្សរណៈយោគយល់ដែលត្រូវចុះហត្ថលេខានៅថ្ងៃនេះ បានធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។ ជាមួយគ្នានេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាខាខេត្តទាំងពីរផ្តោតលើ ៣ចំណុចសំខាន់។
១៖ ការគាំទ្រគ្នាទៅវិញទៅមក៖ ភាគីទាំងពីរជួយគ្នាទៅវិញទៅមកលើផ្នែកធនធាន បទពិសោធន៍ និងបច្ចេកទេសក្នុងពេលមានគ្រោះមហន្តរាយ ការលើកកម្ពស់បរិស្ថាន បៃតង ការប្រែប្រួលអាកាសធាតុ ការងារសុខភាពសហគមន៍ ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា និងការបណ្តុះបណ្តាលតាមតម្រូវការ។ ក្នុងករណីភាគីណាមួយស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយនូវផែនការសកម្មភាព និងផែនការថវិកាចំណាយលម្អិតជូនទៅភាគីជាដៃគូ ដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។
២៖ ការផ្លាស់ប្តូរព័ត៌មាន៖ ភាគីទាំងពីរផ្តល់ឱ្យគ្នាទៅវិញទៅមកនូវព័ត៌មាន ឯកសាររបាយការណ៍ ស្តីពីសកម្មភាពនៃប្រតិបត្តិការរបស់សាខា។ ក្នុងនោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ ដើម្បីពិនិត្យការរីកចម្រើននិងបញ្ហាប្រឈមក្នុងក្របខណ្ឌអនុស្សរណៈប្រចាំត្រីមាស ឆមាស និងឆ្នាំ។
៣៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា៖ ភាគីទាំងពីរផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកបទពិសោធន៍ ក្នុងអភិបាលកិច្ចល្អ ការដឹកនាំនិងការគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។ - រាល់ការចំណាយផ្សេងៗសម្រាប់ប្រតិភូភាគីទាំងពីរ គឺជាបន្ទុករបស់ភាគីរៀងៗខ្លួន ឬជាបន្ទុករបស់ភាគីណាមួយតាមការឯកភាពគ្នា។ ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ត្រូវធ្វើឡើងក្នុងមួយឆ្នាំម្តង ឬច្រើនដង តាមរបៀបប្តូរវេន និងពេលវេលាសមស្រប ដែលភាគីទាំងពីរបានឯកភាពគ្នា៕