(មណ្ឌលគិរី)៖ ជនដែលបាញ់រះរហូតដល់ជាង៤០គ្រាប់ នៅក្នុងបរិវេណទីស្នាក់ការអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដែលបង្កឲ្យ មានការភ្ញាក់ផ្អើល និងភ័យតក់ស្លុតពីសំណាក់ប្រជាពលរដ្ឋជាច្រើននោះ ត្រូវបានសមត្ថកិច្ចប្រាប់អត្តសញ្ញាណហើយ គឺមានឈ្មោះ «អាក្របី» តែមិនដឹងថា បម្រើការងារនៅអង្គភាពណានោះទេ។
យ៉ាងណាក៏ដោយកាំភ្លើងម៉ាក K47 ដែលជននេះបាញ់រះនោះ ត្រូវបានសមត្ថកិច្ចតាមទៅរកឃើញនៅក្នុងផ្ទះប្រពន្ធ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ តែម្តង ខណៈជនសង្ស័យ និងបក្ខពួក៣នាក់ទៀត បានគេចខ្លួនបាត់ហើយ។ សូមបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបាញ់បោះដោយសេរី បង្កទ្បើងដោយមនុស្សមួយក្រុមមានគ្នា៤នាក់ ធ្វើឲ្យប្រជាពលរដ្ឋបមានការភ្ញាក់ផ្អើល ភ័យខ្លាចយ៉ាងខ្លាំង ស្ថិតនៅក្នុងបរិវេណទីបញ្ជាការដ្ឋានអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មន្រ្តីសមត្ថកិច្ចខេត្តមណ្ឌលគិរី បានលួចបង្ហើបថា មុនពេលមានករណីនេះកើតឡើង លោក សូ សំអាត មេបញ្ជាការអាវុធហត្ថស្រុកអូរាំង និងជនដៃដល់បានផឹកស៊ី នៅក្នុងបន្ទាយអាវុធហត្ថស្រុកអូររាំង ប៉ុន្តែស្រាប់តែពេលនោះក៏មានការបាញ់រះជាច្រើនគ្រាប់តែម្តង ដោយមុនដំបូងបាញ់រហូត៣០គ្រាប់ ហើយក្រោយពេលបើករថយន្តចេញទៅ ក៏បាញ់រះជាង១០គ្រាប់ទៀត។
មន្រ្កីសមត្ថកិច្ចបានបញ្ជាក់ថា ជនបាញ់បោះដោយសេរីនេះ មានឈ្មោះអាក្របី បើករថយន្តម៉ាក Lexus-470 តែមិនដឹងធ្វើការនៅទីណានោះទេ។ សេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោង ៦ល្ងាចថ្ងៃដដែល អាវុធហត្ថខេត្តកំពុងចាត់វិធានការណ៍ ដោយសុំគោលការណ៍ ពីលោកព្រោះរាជអាជ្ញា ដើម្បីតាមចាប់ជនបាញ់បោះសេរី ហើយជននោះ មិនមែនជាសមត្ថកិច្ច ឬមន្ត្រីជំនាញអ្វីទេ។
យ៉ាងណាក៏ដោយរហូតមកដល់វេលា ម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ អាក្របី សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនបាននៅឡើយ តែសមត្ថកិច្ចដកហូតបានកាំភ្លើងម៉ាកកា៥៧មួយដើម ដែលជននោះបានយកទៅទុកលាក់ នៅផ្ទះរបស់ប្រពន្ឋក្នុងក្រុងសែនមនោរម្យ៕