(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ព្រះរាជាណាចក្រថៃ (National Press Council of Thailand - NPCT) ដឹកនាំដោយលោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាសៀលថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
លោក Chavarong Limpattamapanee បានជម្រាបជូនរដ្ឋមន្រ្តី ពីកិច្ចសហការក្នុងរយៈពេលកន្លងមករវាងក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ព្រះរាជាណាចក្រថៃ និងក្លឹបអ្នកកាសែតកម្ពុជា តាមរយៈការរៀបចំទស្សនៈកិច្ច ផ្លាស់ប្តូរបទពិសោធន៍របស់អ្នកកាសែតកម្ពុជាទៅកាន់ប្រទេសថៃ។
ចំពោះគោលបំណងនៃដំណើរទស្សនៈកិច្ចរបស់ប្រតិភូក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ថៃ មកកម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់បន្ថែមពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសលើការអនុវត្តក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជានាពេលបច្ចុប្បន្ន។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីស្ថានភាពបច្ចុប្បន្ន នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដោយបានលើកឡើងពីការផ្លាស់ប្តូរការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មកប្រព័ន្ធផ្សព្វផ្សាយទំនើប ការកើនឡើងយ៉ាងគំហុកនៃចំនួនសារព័ត៌មានអនឡាញ ហានិភ័យនៃព័ត៌មានក្លែងក្លាយ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមិនទាន់បានពេញលេញដោយកង្វះបទដ្ឋានគតិយុគ្គ និងការមិនទាន់មានសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានជាដើម។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មានឆន្ទះក្នុងការពង្រឹងគុណភាពនិងសុវត្ថិភាពព័ត៌មាន និងបានចាត់ទុកការរៀបចំសណ្តាប់វិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងការអនុវត្តក្រមសីលធម៌ គឺជាការងារអាទិភាពរបស់ក្រសួង។
ក្នុងសប្តាហ៍កន្លងទៅនេះ ក្រសួងព័ត៌មាន បានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោប់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាបទដ្ឋានមួយដើម្បីចូលរួម ធានាសុខដុមនីយកម្ម និងសង្គតិភាព នៃក្រមសីលធម៍វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជានិយាមប្រតិបត្តិរួមដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កំពុងបើកឱ្យតួអង្គពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែម មុនយកទៅដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីបានស្តាប់នូវផែនការក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួងព័ត៌មាន ក្រុមប្រឹក្សាសារព័ត៌មានជាតិរបស់ថៃ បានផ្តល់ការគាំទ្រ និងទទួលស្គាល់ពីសារៈសំខាន់ក្នុងការរៀបចំ ការងារទាំងអស់នេះ៕